នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ 2016 អតីតអ្នកចាត់ការ Manchester United លោក Sir Alex Ferguson បានជ្រើសរើសយក Cristiano Ronaldo ល្អជាង Lionel Messi ដោយអះអាងថា ភាពប៉ិនប្រសព្វរបស់កីឡាករព័រទុយហ្គាល់រូបនេះបានធ្វើឱ្យគាត់ខុសប្លេកពីគេ។
អតីតអ្នកចាត់ការទូទៅរូបនេះបាននាំយក Ronaldo មកកាន់ Man Utd ក្នុងឆ្នាំ 2003 ដោយបានចុះហត្ថលេខាពី Sporting Lisbon ក្នុងតម្លៃ 19 លានអឺរ៉ូ។ ក្នុងរយៈពេលប្រាំមួយឆ្នាំបន្ទាប់ ខ្សែប្រយុទ្ធរូបនេះបានបន្តស៊ុតបញ្ចូលទីបាន 118 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន 68 ដងសម្រាប់បិសាចក្រហម ដោយបានជួយពួកគេឱ្យឈ្នះពានរង្វាន់ Premier League ចំនួន 3 និង Champions League មួយ។ ការបង្ហាញទម្រង់លេងដ៏ល្អរបស់គាត់សម្រាប់ក្រុមរបស់លោក Ferguson បានជួយគាត់ឱ្យឈ្នះ Ballon d’Or ជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ 2008 ។
ក្នុងឆ្នាំ 2016 លោក Ferguson ត្រូវបានគេស្នើសុំឱ្យជ្រើសរើសរវាង Cristiano Ronaldo និង Lionel Messi ។ អតីតអ្នកចាត់ការសញ្ជាតិស្កុតឡេនរូបនេះបានទទួលស្គាល់នូវភាពវៃឆ្លាតរបស់កីឡាករអាហ្សង់ទីន ប៉ុន្តែបានអះអាងថាសមត្ថភាពរបស់ Ronaldo ក្នុងការរីកលូតលាស់ដោយមិនពឹងផ្អេកលើកម្រិតនៃមិត្តរួមក្រុមរបស់គាត់ បានធ្វើឱ្យគាត់ក្លាយជាកីឡាករល្អជាងនៅក្នុងភ្នែករបស់គាត់។
ថ្លែងទៅកាន់ Eurosport គាត់បាននិយាយថា៖ «វាគួរឱ្យចាប់អារម្មណ៍សម្រាប់ខ្ញុំ ដែលយើងបានឮច្រើនអំពីកីឡាករពីរនាក់នាពេលបច្ចុប្បន្ននេះគឺ Ronaldo និង Messi ។ ឥឡូវនេះកុំយល់ច្រឡំ Messi គឺជាកីឡាករដ៏អស្ចារ្យម្នាក់ វាដូចជាគាត់ពាក់ស្បែកជើងផ្ទាត់នៅពេលគាត់គ្រប់គ្រងបាល់ ប៉ុន្តែ Ronaldo គាត់មានអ្វីគ្រប់យ៉ាង។ គាត់អាចស៊ុតបាល់បានទាំងជើងឆ្វេងនិងស្តាំ ក្បាលគាត់អាចតែបាល់បាន គាត់ក្លាហានដូចសត្វតោ ហើយនេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាបានមើលឃើញ។ កំឡុងពេលដែលខ្ញុំនៅ Manchester United ខ្ញុំមានសំណាងណាស់ដែលមានកីឡាករល្អបែបនេះ»។
អ្នកចាត់ការដែលឈ្នះពានរង្វាន់ Premier League 13 សម័យក៏បានប្រាប់អំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តជាគំរូរបស់កីឡាករវ័យ 37 ឆ្នាំ។ លោក Ferguson បន្ត៖ «Gary Neville បានប្រែក្លាយខ្លួនគាត់ពីកីឡាករបាល់ទាត់ជាមធ្យមទៅជាកីឡាករដ៏អស្ចារ្យម្នាក់ ដោយសារតែក្រមសីលធម៌ការងារដូច David Beckham ដែរ ប៉ុន្តែ Ronaldo ព្យាយាមហ្វឹកហាត់អស់ពីកម្លាំងកាយចិត្ត ដើម្បីក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោក»៕