ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Tottenham បានអះអាងថាគាត់ដឹងពីគោលដៅដែល Aaron Ramsdale នឹងលោតសម្រាប់ការទាត់បាល់ពិន័យ 11ម៉ែត្ររបស់គាត់ អំឡុងពេល Spurs យកឈ្នះលើក្រុម Arsenal 3-0 ក្នុងក្របខ័ណ្ឌ Premier League ។
ក្រុមកាំភ្លើងធំបានបាត់បង់ឱកាសក្នុងការបន្ថែមគម្លាតពិន្ទុបន្ថែមទៀ តសម្រាប់ចំណាត់ថ្នាក់កំពូលទាំងបួនចុងក្រោយ ខណៈដែលពួកគេបានបរាជ័យនៅក្នុងការប្រកួត North London Derby ហើយឥឡូវនេះប្រឈមនឹងការបញ្ចប់រដូវកាលដ៏គួរឱ្យភ័យខ្លាច។
Kane បានជួយឱ្យក្រុមរបស់គាត់នាំមុខមុននៅនាទីទី 22 នៅកីឡដ្ឋាន Tottenham Hotspur បន្ទាប់ពី Cedric Soares រុញ Son Heung-Min នៅក្នុងតំបន់គ្រោះថ្នាក់ ខណៈពេលដែលព្យាយាមការពារការបញ្ជូនបាល់របស់តារាសញ្ជាតិកូរ៉េខាងត្បូង។
ប្រធានក្រុមអង់គ្លេសបានស៊ុតបាល់ប៉េណាល់ទីរបស់គាត់ទៅខាងឆ្វេងរបស់ Ramsdale ដោយអ្នកចាំទី Arsenal លោតទៅទិសផ្សេង។
វាជាលើកដំបូងក្នុងអំឡុងពេលយុទ្ធនាការបច្ចុប្បន្ន ដែលកីឡាករវ័យ 28 ឆ្នាំរូបនេះបានស៊ុតបាល់ប៉េណាល់ទីក្នុងទិសដៅនោះ ប៉ុន្តែ Kane បានអះអាងពីបទពិសោធន៍របស់គាត់ក្នុងការហ្វឹកហាត់ជាមួយ Ramsdale ខណៈពេលបំពេញកាតព្វកិច្ចឲ្យក្រុម Three Lions បានជួយការសម្រេចចិត្តរបស់គាត់។
ថ្លែងទៅកាន់ Sky Sports ខ្សែប្រយុទ្ធរូបនេះបាននិយាយថា៖ «ជាទូទៅខ្ញុំតែងតែស៊ុតទៅខាងឆ្វេងដៃរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានហ្វឹកហាត់ពេញមួយសប្តាហ៍ដើម្បីប្តូរគោលដៅស៊ុត។ ជាក់ស្តែងខ្ញុំធ្លាប់បានហ្វឹកហាត់ជាមួយ Aaron Ramsdale ពីរបីដងដែរសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ដូច្នេះខ្ញុំគិតថាគាត់នឹងធ្វើតាមទម្លាប់ចាស់ ហើយខ្ញុំដឹងពីគោលដៅដៃលគាត់ត្រូវលោត»៕