Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តស្នាក់នៅជាមួយ Manchester United មួយរដូវកាលទៀត បើទោះបីជាពួកគេបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីដើមសប្តាហ៍នេះក៏ដោយ។ យោងតាមរបាយការណ៍កីឡាករ Cristiano Ronaldo បានប្តេជ្ញាចិត្តលេងឲ្យបាន ២ឆ្នាំសម្រាប់បិសាចក្រហម ហើយជឿជាក់ថា Man Utd អាចប្រជែងដណ្តើមជើងឯកលីកក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីនៅរដូវកាលក្រោយ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានត្រលប់មកក្លឹបចាស់វិញកាលពីរដូវក្តៅមុន ហើយបច្ចុប្បន្នជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតជាមួយនឹង ១៨ គ្រាប់នៅរដូវកាលនេះ។ ពាក្យចចាមអារ៉ាមពីការចាកចេញរបស់ Ronaldo ទទួលបានការចាប់អារម្មណ៍ដោយសារតែទម្រង់លេងរបស់ក្លឹប។ ការធ្លាក់ចេញរបស់ពួកគេពីពានទ្វីបអឺរ៉ុបកាលពីដើមសប្តាហ៍នេះ ហើយក៏បានបញ្ចប់ក្តីសង្ឃឹមរបស់ពួកគេក្នុងការឈ្នះពានរង្វាន់នៅរដូវកាលនេះ។
ពួកគេបានធ្លាក់ចេញពីពានរង្វាន់ FA Cup, Carabao Cup និង Champions League រួចហើយ ហើយបច្ចុប្បន្នកំពុងតស៊ូដើម្បីប្រជែងយក Top ៤ នៅ Premier League។ Ronaldo ដែលបានឈ្នះពានរៀងរាល់រដូវកាលតាំងពីឆ្នាំ ២០០៤ នឹងបញ្ចប់រដូវកាលនេះដោយមិនមានពានរង្វាន់សូម្បីមួយ។ លោក Manuel Sainz ដែលត្រូវបានគេជឿថាមានទំនាក់ទំនងជិតស្និទ្ធជាមួយ Ronaldo បានបដិសេធពាក្យចចាមអារ៉ាមដែលផ្សព្វផ្សាយជុំវិញអនាគតរបស់កីឡាកររូបនេះ។ សារព័ត៌មាន AS ក៏បានរាយការណ៍ផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ដឹងថាអ្នកណាជាអ្នកចាត់ការថ្មីនឹងនៅក្លឹបបច្ចុប្បន្ន។
បិសាចក្រហមបច្ចុប្បន្នមានលោក Ralf Rangnick ជាគ្រូបង្វឹកបណ្តោះអាសន្ន។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានចូលមកក្លឹបកាលពីខែធ្នូ បន្ទាប់ពី Man Utd បានចែកផ្លូវជាមួយលោក Ole Gunnar Solskjaer ក្រោយពីមានទម្រង់លេងមិនល្អ។
Rangnick បានបរាជ័យក្នុងការពង្រឹងក្រុម ប៉ុន្តែបានធ្វើឱ្យលទ្ធផលរបស់ពួកគេប្រសើរឡើងបន្តិច។ អ្នកចាត់ការទូទៅរបស់ Ajax លោក Erik ten Hag និងគ្រូបង្វឹក Paris Saint-Germain លោក Mauricio Pochettino មានពាក្យចចាមអារ៉ាមថាជាជម្រើសកំពូលសម្រាប់តួនាទីគ្រូបង្វឹកនៅ Old Trafford នៅរដូវកាលក្រោយ។
Rangnick ត្រូវបានគេរំពឹងថានឹងចូលទៅកាន់តួនាទីប្រឹក្សាយោបល់នៅក្លឹប បន្ទាប់ពីការមកដល់របស់អ្នកចាត់ការទូទៅអចិន្ត្រៃយ៍ថ្មី៕