យោងកីឡាករអន្តរជាតិអេហ្ស៊ីប Ahmed Elmohamady បានឲ្យដឹងថា Cristiano Ronaldo គួរតែជំនួស Harry Maguire ជាប្រធានក្រុមនៅ Manchester United ។
ខណៈពេលដែលអ្នកចាត់ការបណ្តោះអាសន្នរបស់បិសាចក្រហមលោក Ralf Rangnick បាននិយាយដោយបើកចំហថា កីឡាករអន្តរជាតិអង់គ្លេសនឹងនៅតែជាប្រធានក្រុម ប៉ុន្តែវាមិនបានរារាំងអ្នកគាំទ្រ និងអ្នកជំនាញពីការទាមទារឱ្យជំនួស Maguire នោះទេ។ Elmohamady និង Maguire ធ្លាប់ជាមិត្តរួមក្រុមនៅ Hull City ម្តង ប៉ុន្តែកីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះជឿថា Maguire មិនគួរជាប្រធានក្រុម Manchester United ទៀតនោះទេ។
ថ្លែងទៅកាន់ beIN Sports កីឡាករ Elmohamady បានពិភាក្សាអំពីសមត្ថភាពរបស់ Ronaldo ក្នុងការគ្រប់គ្រងក្រុមឲ្យកាន់តែប្រសើរ៖ «Harry នៅជាមួយខ្ញុំនៅ Hull City ហើយតាមគំនិតរបស់ខ្ញុំ គាត់មិនមានកម្រិតក្នុងការធ្វើជាប្រធានក្រុម Manchester United នោះទេ។ បិសាចក្រហមត្រូវការកីឡាករដែលមានបុគ្គលិកលក្ខណៈរឹងមាំ ហើយខ្ញុំសង្ឃឹមថាអ្នកចាត់ការបន្ទាប់នឹងផ្តល់តួនាទីជាប្រធានក្រុមទៅ Ronaldo ប្រសិនបើគាត់បន្តនៅជាមួយក្លឹប»។
Elmohamady បានបន្ថែមថា៖ «Ronaldo អាចដោះស្រាយរាល់បញ្ហារ និងសម្ពាធនៅលើទីលាន។ ទោះជាយ៉ាងណាក៏ដោយ Maguire មិនអាចគ្រប់គ្រងស្ថានការណ៍នេះបានទេ។ ដូច្នេះខ្ញុំគិតថាសម្ពាធដែលគាត់មាន ដោយការពាក់ខ្សែដៃជាប្រធានក្រុម គឺប៉ះពាល់ដល់ទម្រង់លេងរបស់គាត់។ គាត់មិនមានកម្រិតលេងឲ្យក្រុមធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេសទេ»។
Harry Maguire បានតស៊ូពេញមួយរដូវកាល ខណៈដែលដឹកនាំក្រុម Manchester United ។ សរុបមក ការលេងរបស់គាត់គឺនៅមានកម្រិត ហើយការប្រកួតចុងក្រោយរបស់ពួកគេជាមួយ Tottenham Hotspur ប្រធានក្រុមរូបនេះ បានស៊ុតបញ្ចូលទីខ្លួនឯង។
គួររំលឹកឡើងវិញដែរថាលោក Rangnick បានបញ្ជាក់សារជាថ្មីថា Maguire នឹងនៅតែជាប្រធានក្រុមរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ៕