ក្លិបអ្នកមាន FC Barcelona អាចត្រៀមខ្លួន ក្នុងការនាំយកខ្សែការពារកណ្ដាល Andreas Christensen របស់ក្លិប Chelsea ប្រសិនបើកីឡាកររូបនេះ ចាកចេញពីក្លិបដោយមិនមានតម្លៃផ្ទេរ ក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខនេះ។
យ៉ាងណាមិញ ក្លិបតោខៀវបានធ្វើការសម្រេចចិត្តចុងក្រោយ ជុំវិញការស្នើបន្ដកុងត្រាថ្មីសម្រាប់ខ្សែការពារជនជាតិដាណឺម៉ាករូបនេះ នៅប៉ុន្មានសប្ដាហ៍ខាងមុខ ស្របពេលដែលកុងត្រាបច្ចុប្បន្នរបស់គេ នឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ។
ទន្ទឹមនឹងនោះមិនមែនតែ Christensen នោះទេដែលជិតផុតកុងត្រា ដូចជា Antoio Rudiger និង Cesar Azpilicueta ក៏នឹងផុតកុងត្រានៅ Stamford Bridge នៅដំណាច់រដូវកាលនេះ ស្របពេលដែល កីឡាករជនជាតិអេស្ប៉ាញ Azpilicueta ក៏មានការភ្ជាប់ទៅនឹងក្លិបអ្នកមានបុណ្យផងដែរ។
ម្យ៉ាងវិញទៀត Christensen វ័យ ២៥ឆ្នាំរូបនេះ ជាមួយ Rudiger គឺជាដៃគូការពារដ៏រឹងមាំដែលលោក Thomas Tuchel មិនអាចខ្វះបាន ប៉ុន្ដែមានក្ដីកង្វល់ដែលថា យ៉ាងហោចណាស់ក៏មានម្នាក់ដែរ ក្នុងចំណោមពួកគេ ដែលនឹងត្រូវចាកចេញ។
យោងតាមប្រភពពីសារព័ត៌មានអេស្ប៉ាញ Marca បានរាយការណ៍ថា Barca កំពុងសម្លឹងមើលឱកាស ក្នុងការនាំយក ខ្សែការពារដាណឺម៉ាក Christensen មកជួយពង្រឹងតំបន់ការពារ មុនចាប់ផ្ដើមរដូវកាល ២០២២-២៣៕