នាំ​ជើង​ខ្លាំង​ជំនាញ​បង្ហោះ​ម៉ូតូ ២​នាក់ មក​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា

0

កណ្តាល​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ប្រជាពលរដ្ឋ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រាយការណ៍​ចូល​ក្នុង​ប្រអប់​សារ​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល មាន​ខ្លឹមសារ​ថា ៖ ជំរាបសួរ​លោកពូ ក្មួយ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល នៅ​ភូមិ​ក្មួយ​តែងតែមាន​ក្មេង​ទំនើង​មួយ​ក្រុម​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​រាល់ថ្ងៃ សូម​លោកពូ​ជួយ​ដោះស្រាយ​ឱ្យ​ក្មួយ​ផង សូម​អរគុណ​លោកពូ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ បាន​ចាត់​ឱ្យ​លោក​អធិការ​នគរបាល​ស្រុក​ស្អាង ស្រាវជ្រាវ​ករណី​ខាងលើ ។

ជា​លទ្ធផល ៖ នៅ​ថ្ងៃ​សុក្រ ២​រោច ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ លោក​អធិការ និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បាន​បញ្ជា​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អំបិល ចុះ​ស្រាវជ្រាវ​ទទួល​បាន​លទ្ធ​ដូច​ខាងក្រោម ៖ ១-​ឈ្មោះ ហ៊ា​ង សុធា (​ហៅ​វី​ន​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងដែក​។ ២-​ឈ្មោះ ស៊ន លី​ម​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងដែក អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល ។ បន្ទាប់​មក​បាន​ហៅ​អ្នក​ទាំង​ពីរ​នាក់​ខាងលើ មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អំបិល ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អំបិល អ្នក​ទាំង​ពីរ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​បេតុង​ភូមិ​ព្រែក​ថ្មី ពិតប្រាកដ​មែន ។

ចំណាត់ការ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អំបិល បាន​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​អ្នក​ទាំង​ពីរ​បញ្ឈប់​សកម្មភាព​បង្ហោះ​ម៉ូតូ និង​សកម្មភាព​ផ្សេង​ៗ​ដែល​ច្បាប់​ហាមឃាត់ ចាប់ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា​នេះ​តទៅ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ