អតីតខ្សែការពាររបស់ Real Madrid និងជាខ្សែការពារកំពូលកាចគឺកីឡាករ Pepe ដែលបច្ចុប្បន្ន ជាកីឡាកររបស់ក្លិប Porto អាចនឹងត្រូវរងពិន័យពីទីលានប្រកួតចន្លោះពី ពីរខែដល់ពីរឆ្នាំ សម្រាប់អំពើហិង្សាដែលគេបានប្រព្រឹត្ត នេះបើយោងតាមប្រភពពីសារព័ត៌មាន Bola។
ខ្សែការពារព័រទុយហ្កាល់វ័យ ៣៨ឆ្នាំរូបនេះ ត្រូវបានបណ្ដេញចេញពីទីលាន ក្នុងការប្រកួតសម្រាប់ Porto ក្នុងជំនួបទល់នឹង Sporting Lisbon កាលពីថ្ងៃសុក្រ។
Pepe ត្រូវបានមើលឃើញថា បានប្រើហិង្សាយ៉ាងអាក្រក់បំផុត ទៅលើគូប្រកួត បន្ទាប់មកនាយកបច្ចេកទេសអាជ្ញាកណ្ដាល បានសម្រេចឱ្យកាតក្រហម ព្រមទាំងដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ទៅតាមច្បាប់ដែលបានចែង។
ទោះជាយ៉ាងណា ប្រសិនបើមានការពិន័យរយៈពេលខ្លី Pepe រំពឹងថាអាចត្រលប់មកកាន់ទីលានប្រកួតវិញ ប៉ុន្ដែប្រសិនបើមានការពិន័យមិនឱ្យចូលទីលានរយៈពេលយូរ ដែលអាចដល់រយៈពេល២ឆ្នាំ នោះអាជីពរបស់កីឡាករដែលលេងកាចអាចនឹងបញ្ចប់ត្រឹមនេះ ថ្វីដ្បិតបច្ចុប្បន្នគេមានវ័យ៣៨ឆ្នាំទៅហើយ។
បច្ចុប្បន្នក្រុម Porto កំពុងនាំមុខ Sporting ៦ពិន្ទុលើកំពូលតារាង Primeira Liga ខណៈ Benfica ដែលជាក្លិបធំបំផុតមួយនៅព័រទុយហ្កាល់តាមពីក្រោយ Sporting ៣ពិន្ទុ និងឈរនៅក្នុងតំណែងលេខ៣៕