អ្នកចាត់ការទូទៅរបស់ Paris Saint-Germain លោក Mauricio Pochettino បានឆ្លាស់កីឡាករក្នុងតំណែងអ្នកចាំទី ក្នុងការប្រកួតនៅ UEFA Champions League។ ក្នុងនោះ Keylor Navas និង Gianluigi Donnarumma លេងបានម្នាក់៣លើកក្នុងវគ្គចែកពូល នារដូវកាលនេះ ហើយលោក Pochettino នឹងមានការសម្រេចចិត្ត ថាតើនរណានឹងលេងក្នុងជំនួបទល់នឹង Real Madrid ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយនេះ។
រីឯនៅតំបន់ការពារ ខ្សែការពារឆ្នើម Sergio Ramos នឹងអវត្តមានដោយសាររបួស មានន័យថា Marquinhos និង Presnel Kimpembe នឹងលេងជាមួយគ្នាក្នុងជម្រើសដំបូង ក្នុងតំណែងការពារកណ្ដាលនាថ្ងៃអង្គារនេះ ខណៈ Achraf Hakimi និង Nuno Mendes នឹងលេងក្នុងតំណែងការពារស្លាបស្ដាំ និងស្លាបឆ្វេង។
ចំណែកឯ ក្នុងតំបន់បម្រើលោក Pochettino បានបញ្ជាក់ថា កីឡាករ Idrissa Gueye នឹងមិនលេងក្នុងជម្រើសដំបូងឡើយ បន្ទាប់ពីត្រលប់ពីចូលរួមព្រឹត្តិការណ៍ Africa Cup of Nations ដូច្នេះកីឡាករដែលអាចនឹងលេងនៅតំបន់កណ្ដាលមានដូចជា Leandro Paredes, Marco Verratti និង Danilo Pereira។
យ៉ាងណាវិញ ពុំទាន់មានភាពប្រាកដប្រជា ចំពោះជម្រើសនៅតំបន់ប្រយុទ្ធនៅឡើយទេ ខណៈ Neymar មិនទាន់សះស្បើយពេញលេញ ចំពោះរបួសរបស់គេក្នុងការប្រកួតទល់នឹង Saint-Etienne។
នៅក្នុងសន្និសីទសារព័ត៌មាន អ្នកចាត់ការ Pochettino មិនបានបង្ហើបតម្រុយអ្វីពាក់ព័ន្ធនឹងខ្សែប្រយុទ្ធប្រេស៊ីលរូបនេះឡើយ។ ដូច្នេះជម្រើសតំបន់ប្រយុទ្ធអាចជា Angel di Maria, Kylian Mbappe និង Lionel Messi។
ជម្រើស១១នាក់ដំបូងសម្រាប់ក្រុម PSG ដែលទំនងនឹងដាក់ឱ្យលេងទល់នឹង Real Madrid ក្នុងជំនួប UCL វគ្គ១៦ក្រុមចុងក្រោយជើងទី១នេះមានដូចជា៖ Donnarumma ឬ Keylor Navas, Hakimi, Marquinhos, Kimpembe, Nuno Mendes, Danilo, Paredes, Verratti, Di María, Messi, Mbappé៕