Klopp ថា​ម្នាក់​នេះ​មានការ​ចាប់ផ្តើម​យ៉ាង​ល្អ លើស​ពី​ការ​រំពឹង​ទុក

0

អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម​លោក Jurgen Klopp ជឿជាក់​ថា ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​ខ្សែប្រយុទ្ធ Luis Diaz ជា​ការ​លេង​ដ៏​ល្អ​បំផុត​ដែល​លោក​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​។

Diaz បាន​ទទួល​ឱកាស​បង្ហាញ​សមត្ថភាព​លើក​ដំបូង​នៅ Premier League ក្នុង​ជំនួប​ទល់​នឹង Leicester City ដោយ​គេ​បាន​សាង​ភាព​លេចធ្លោ​គួរ​ឱ្យ​ចាប់អារម្មណ៍ ក្នុង​ការ​ជួយ​ក្រុម​របស់​ខ្លួន​ទទួល​បាន​ជ័យជម្នះ ២-០ ក្នុង​ការ​ប្រកួត​នោះ​។

ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី​រូប​នេះ បាន​ចូលរួម​ក្រុម​ហង្ស​ក្រហម​ពី Porto កាលពី​ខែ​មុន​ក្នុង​តម្លៃ ៤៩​លាន​ផោន ប៉ុន្ដែ​គេ​បាន​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស នៅ​ក្នុង​ក្រុម​របស់​លោក Klopp​។

នៅ​ពេល​ត្រូវ​បាន​សួរ​ពី​ការ​សម្រប​ខ្លួន​ដ៏​ឆាប់រហ័ស​ពី Diaz ក្រោយ​ពី​ការ​ផ្លាស់​មក​ចូលរួម​ទឹកដី Anfield លោក Klopp បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​ដោយសារ​ជំនាញ និង​បុគ្គលិកលក្ខណៈ​របស់​គេ​។ វា​ពិតជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​ដ៏​ល្អ​បំផុត ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក ពី​កីឡាករ​ថ្មី​ម្នាក់​»​។

«​វា​ជា​ការ​ពិត ព្រោះ​គេ​សម្រប​បាន​យ៉ាង​ពេញលេញ ប៉ុន្ដែ​វា​គ្រាន់តែ​ជា​ការ​ប្រកួត​ដំបូង​ប៉ុណ្ណោះ ហើយ​យើង​ត្រូវ​តែ​ចាំ​មើល ពី​ការ​សម្រប​របស់​គេ​ទៅ​នឹង​រាល់​ស្ថានភាព​ទាំងអស់ ហើយនឹង​កម្រិត​ប្រកួតប្រជែង​នៅ Premier League»​។

«​មិន​មានការ​ប្រញាប់ប្រញាល់​នោះ​ទេ ប៉ុន្ដែ​កាលពី​ថ្ងៃមុន ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ដាក់​គេ​លេង​ក្នុង​ជម្រើស​ដំបូង ព្រោះ Sadio Mane មិន​អាច​មក​ចូលរួម​បាន​នៅឡើយ ហើយ Mo Salah ទើបតែ​ត្រលប់​ពី​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​»៕