គ្រូបង្វឹកបណ្ដោះអាសន្ន ក្រុមបិសាចក្រហម Manchester United លោក Ralf Rangnic បានស្នើឱ្យ Cristiano Ronaldo និងមិត្តរួមក្រុមផ្នែកប្រយុទ្ធ ឲ្យស្វែងរកការស៊ុតបញ្ចូលទី ដើម្បីជៀសវាងលទ្ធផលដ៏គួរឱ្យខកចិត្តបន្ថែមទៀត។
ក្រុមបិសាចក្រហម បានធ្លាក់ចេញពី FA Cup កាលពីថ្ងៃសុក្រ ក្រោមថ្វីជើង Middlesbrough ដោយបាល់ប៉េណាល់ទី បន្ទាប់ពីស្មើ ១-១ ដោយមានការស៊ុតចំគោលដៅ ៣០ គ្រាប់តែមិនបានសម្រេចនៅក្នុងការប្រកួត និងការស៊ុតចំគោលដៅ ២២ គ្រាប់បន្ថែមទៀតនៅក្នុងការប្រកួតប៉ះក្រុមម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផលស្មើគ្នា ១-១ ទៀតកាលពីថ្ងៃអង្គារ។
Ronaldo បានខកខានការស៊ុតបាល់ប៉េណាល់ទី និងបានស៊ុតចំគោលដៅចំនួន ១០ គ្រាប់ជាចំនួនសរុបនៅក្នុងការប្រកួតប៉ះក្រុម Middlesbrough ប៉ុន្តែមិនអាចរកគ្រាប់បាល់បាននោះទេ មុនពេលខកខានរកគ្រាប់បាល់ក្នុងការតែតបាល់ នៅចុងម៉ោងនៃការប្រកួតប៉ះក្រុម Burnley។
ទោះជាយ៉ាងណាលោក Rangnic បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃ សុក្រ មុនការប្រកួតចុងសប្តាហ៍របស់ Man Utd ជាមួយ Southampton ថា៖ «វាមិនត្រឹមតែសម្រាប់ Cristiano Ronaldo នោះទេ គាត់គួរតែរកគ្រាប់បាល់បានច្រើនជាងនេះ។ វាច្បាស់លាស់ណាស់ ប៉ុន្តែវាមិនត្រឹមតែជាបញ្ហាជាមួយ Cristiano នោះទេ វាគឺជាបញ្ហាជាមួយនឹងកីឡាករផ្សេងទៀត ជាពិសេសកីឡាករផ្នែកប្រយុទ្ធ។ យើងរកគ្រាប់បាល់មិនបានគ្រប់គ្រាន់ទេ ប្រសិនបើអ្នកចាំក្នុងចិត្តថា តើឱកាសប៉ុន្មានដែលយើងបានបង្កើតឡើង ហើយនេះក៏ជាអ្វីដែលយើងចាំបាច់ធ្វើឲ្យប្រសើរឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខផងដែរ»។
បច្ចុប្បន្ននេះ Man Utd កំពុងឈរនៅចំណាត់ថ្នាក់លេខ ៦ ក្នុងតារាង Premier League ក្រោយឆ្លងកាត់ការប្រកួតចំនួន ២៣ ប្រកួតមាន ៣៩ ពិន្ទុ៕