អង់គ្លេស និង​អៀរ​ឡង់ ប្រកាស​ផែនការ​ដេញថ្លៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា Euro 2028

0

ចក្រភព​អង់គ្លេស និង​អៀរ​ឡង់ បាន​ប្រកាស​ផែនការ​សម្រាប់​ការ​ដេញថ្លៃ ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា ការ​ប្រកួត​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០២៨ ។ នេះ​បើ​យោង​តាម​សមាគម​កីឡាបាល់ទាត់​នៃ​ប្រទេស​អង់គ្លេស អៀរ​ឡង់​ខាងជើង ស្កុ​តឡែ​ន វេ​ល និង​សាធារណរដ្ឋ​អៀរ​ឡង់ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​កាលពី​ថ្ងៃ​ចន្ទ ។

សមាគម​ទាំង ៥ បាន​ទម្លាក់​ផែនការ​ដេញថ្លៃ សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០៣០ ហើយនឹង​ផ្តោត​ការ​ប្រកួត​ជើងឯក​ទ្វីបអឺរ៉ុប​វិញ ។

ពួក​គេ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “ ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ UEFA Euro ផ្តល់​នូវ​ការ​វិល​ត្រឡប់​ស្រ​ដៀង​គ្នា លើ​ការ​វិនិយោគ​ជាមួយនឹង​ព្រឹត្តិការណ៍​តំបន់​អឺរ៉ុប ចំណាយ​តិច​ជាង ហើយ​ទទួល​បាន​ផលប្រយោជន៍​លឿន​ជាង ” ។

“ យើង​ជឿ​ថា​ចក្រភព​អង់គ្លេស និង​សាធារណៈរដ្ឋ​អៀរ​ឡង់ អាច​ផ្តល់​ជូន UEFA និង​សមាគម​ន៍​បាល់ទាត់​អឺរ៉ុប នូវ​អ្វី​ដែល​ពិសេស​នៅ ឆ្នាំ ២០២៨ ដែល​ជា​កិច្ចសហការ​គ្នា​ជា​លក្ខណៈ ៥ ប្រទេស​នេះ​ដែល​ប្លែក​ពី​គេ នេះ​នឹង​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម និង​អ្នកគាំទ្រ ” ។

សូម​ជម្រាប​ថា​ការ​ប្រកួត UEFA Euro 2020 ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង ម្ចាស់ផ្ទះ ជា​ច្រើន​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប ។ ចំណែក​ការ​ប្រកួត​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០២៤ នឹង​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​ប្រទេស​អា​ល្លឺ​ម៉​ង់​៕