ខ្សែប្រយុទ្ធ Mason Greenwood របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីមានការចាប់ខ្លួន ពីបទសង្ស័យរំលោភបំពាន និងគំរាមសម្លាប់។
បច្ចុប្បន្នក្លឹប Man United បានព្យួរការប្រកួតរបស់ Mason Greenwood «រហូតដល់មានការជូនដំណឹងបន្ថែម» បន្ទាប់ពីការចោទប្រកាន់ដែលត្រូវបានធ្វើឡើងប្រឆាំងនឹងខ្សែប្រយុទ្ធរូបនេះ។
យ៉ាងណាមិញប៉ូលីស Greater Manchester (GMP) បានបញ្ជាក់កាលពីព្រឹកថ្ងៃពុធថា Greenwood ត្រូវបានដោះលែងពីមន្ទីរឃុំឃាំង ខណៈពេលដែលរូបគេនៅតែស្ថិតក្រោមការស៊ើបអង្កេតបន្ត។
យោងតាមសេចក្តីថ្លែងការណ៍របស់ GMP បានឲ្យដឹងថា «ជនសង្ស័យអាយុ ២០ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ៣០ ខែមករា ឆ្នាំ ២០២២ ពីបទសង្ស័យពីបទរំលោភសេពសន្ថវៈ និងវាយដំលើនារីម្នាក់ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយរង់ចាំការស៊ើបអង្កេតបន្ថែម»។
ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យរបស់ក្លិបបិសាចក្រហម Man United បាននិយាយថា «ក្លឹបមិនអត់ឱន ចំពោះអំពើហិង្សាណាមួយឡើយ»៕