ជាការពិតណាស់ ទីផ្សារដោះដូរកីឡាករក្នុងខែមករា មានសក្តានុពលសម្រាប់គ្រប់ក្រុមបាល់ទាត់នៅអឺរ៉ុប ផ្អើលទិញដូរកីឡាករយ៉ាងភ្លូកទឹកភ្លូកដី ដោយឡែកមានក្រុមតែមួយគត់ក្រោមការដឹកនាំរបស់ Ralf Rangnick គឺ Manchester United បានបញ្ចប់ទៅដោយមិនមានកីឡាករថ្មី ប៉ុន្តែមានកីឡាករចាកចេញយ៉ាងច្រើន ខណៈដែលបន្ទប់ផ្លាស់សំលៀកបំពាក់របស់បិសាចក្រហម សឹងតែមានសភាពស្ងាត់ជ្រងំ។
ហើយកីឡាករម្នាក់ដែលមិនបានចាកចេញនោះគឺ Jesse Lingard។ ដោយខ្សែបម្រើរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការខ្ចីជើងទៅ Newcastle ឬ West Ham ប៉ុន្តែក្លឹបបានជ្រើសរើសរក្សាគាត់នៅ Old Trafford វិញ ។
យ៉ាងណាមិញ មានអ្នកគាំទ្រក្រុមបិសាចក្រហមជាច្រើន បានទទូចឲ្យលោក Rangnick ប្រញាប់ទិញខ្សែបម្រើ ដើម្បីពង្រឹងក្នុងតំបន់កណ្ដាល ប៉ុន្តែត្រូវបានបដិសេធ ដោយអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ថាក្លឹបមានគំនិតទិញចូលកីឡាករនៅក្នុងខែមិថុនាវិញ។
គួរបញ្ជាក់ដែរថា Man United ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ ចំពោះកីឡាករពីររូបគឺ Declan Rice របស់ West ham និង Jude Bellingham របស់ Borussia Dortmund៕