Lampard ចង់បាន​អតីត​មិត្ត​រួម​ក្រុម​ម្នាក់ មក​រួមការ​ងារ​នៅ Everton (​មាន​វី​ដេ​អូ​)

0

 

ជា​ការ​ពិត​ណាស់ ក្លឹ​ប​ស្ករ​គ្រាប់ Everton បាន​រក​ឃើញ​អ្នកចាត់ការ​ថ្មី​ជា​ផ្លូវការ បន្ទាប់​ពី​ការ​ដក​តំណែង​លោក Rafael Benitez កាលពី​ពេល​កន្លង​ទៅ នោះ​គឺ​អតីត​តារា​ឆ្នើម​របស់​តោ​ខៀវ​លោក Frank Lampard ហើយ​បាន​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី ដល់​ចុងខែ មិថុនា ឆ្នាំ ២០២៤​។

យ៉ាងណាមិញ Lampard ក៏​បាន​ដាក់​សំណើ​ទៅ​ថ្នាក់លើ​ក្លឹ​ប​រួច​ជា​ស្រេច​ហើយ​ដែរ ជុំវិញ​ការ​ចង់បាន​ជំនួយការ​ថ្មី ដោយ​ចង់​ឲ្យ​ក្លឹ​ប​ទៅ​ចរចា​យក Ashley Cole ដែល​ធ្លាប់​ជា​មិត្ត​ចាស់​រួម​អាជីព កាល​នៅ​ក្លឹ​ប​ចាស់​។ ខណៈ​ដែល​សព្វថ្ងៃ Cole គេ​កំពុង​មានការ​ងារ​ជា​គ្រូ​នៃ​ឈុត​ថ្នាល​របស់​ក្លឹ​ប Chelsea និង​ជា​គ្រូ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឈុត U21 ផង​ដែរ​។

ដូច្នេះ​មិន​ច្បាស់​ថា Cole គេ​នឹង​យល់ព្រម​តាម​សំណើ​ខាងលើ ហើយ​មក​រួម​ដៃ​កែប្រែ​ក្លឹ​ប​ម្ចាស់​ដី Goodison Park ជាមួយ Lampard ឬ​បែប​ណា​នោះ​ទេ តែ​ដឹង​ថា​ការ​សម្រេចចិត្ត នឹង​អាច​ទទួល​បាន​ចម្លើយ​យ៉ាង​យូរ ៣-៤ ថ្ងៃ​ទៀត​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមការងារ​របស់ Lampard ដែល​មាន​ស្រាប់​តួយ៉ាង​គឺ Joe Edwards ជា​ជំនួយការ​ផ្ទាល់​តាំងពី​នៅ Chelsea និង​អតីត​គ្រូ​ក្លឹ​ប Derby លោក Paul Clement និង Chris Jones រីឯ​លោក Alan Kelley ជា​គ្រូ​អ្នកចាំទី​។

ជាមួយ​វត្តមាន​នៃ​ការ​មក​ដល់​របស់​គ្រូ​វ័យ ៤៣ ឆ្នាំ​ខាងលើ Everton ក៏​ទើបតែ​ផ្តល់​កាដូ​ធំ​ផង​ដែរ ពោល​គឺ​ការ​ផ្ទេរ​ចូល​កីឡាករ​ចំណូល​ថ្មី ២ រូប​មាន​ខ្សែបម្រើ Dele Alli ពី​ក្លឹ​ប Spurs និង​ខ្ចី​ជើង​បាន Donny van de Beek ពី​ក្លឹ​ប Man Utd​។ ការ​ប្រកួត​ដំបូង​របស់ Lampard នឹង​ត្រូវ​ប៉ះ​ក្លឹ​ប Brentford នៅ FA Cup នា​ថ្ងៃ​ទី ៥ កុម្ភៈ​៕