ភាពរាំងស្ងួតនៃការរកគ្រាប់បាល់របស់កីឡាករ Cristiano Ronaldo នៅក្រុម Manchester United ក្នុងឆ្នាំ ២០២២នៅតែបន្ត បន្ទាប់ពីរូបគេបានបរាជ័យក្នុងស្វែងរកទម្រង់លេងល្អមួយ ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅទល់នឹង West Ham United។
ពិតណាស់ Marcus Rashford បានក្លាយជាវីរបុរសបន្ទាប់ពីរូបគេបានរកគ្រាប់បាល់ជ័យជម្នះ ១ទល់នឹង០ នៅនាទីទី៩០+៣ ខណៈ Ronaldo ពុំសូវធ្វើបានល្អឡើយ ហើយបួនប្រកួតដែលរូបគេបានបង្ហាញខ្លួននៅក្នុងឆ្នាំថ្មីនេះ គឺគេមិនទាន់អាចរកបានមួយគ្រាប់នៅឡើយទេ។
យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត អ្នកគាំទ្រ Man Utd ជាច្រើនបានបង្ហោះសារមិនពេញចិត្តនៅលើបណ្តាញសង្គម ដោយទទូចឲ្យលោក Ralf Rangnick គួរតែដាក់ Ronaldo ឲ្យស្ថិតនៅកៅអីបម្រុង៕