Paris Saint-Germain ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Manchester United កីឡាករ Paul Pogba នៅរដូវក្តៅនេះ។ ក្រុមនៅក្របខណ្ឌ Ligue 1 មានបំណងចង់បង្កើតក្រុមដែលមានទម្រង់លេងល្អ ហើយចង់ចុះហត្ថលេខាលើកីឡាករឆ្នើមបន្ថែមទៀត ដើម្បីព្យាយាមរក្សា Kylian Mbappe នៅក្លឹប។
យោងតាមរបាយការណ៍របស់ Julien Laurens នៅលើ ESPN ក្លឹបយក្ស PSG កំពុងរៀបចំផែនការផ្លាស់ប្តូរសម្រាប់ Paul Pogba និង Franck Kessie ។ ខ្សែបម្រើទាំងពីរនឹងក្លាយទៅជាកីឡាករដែលគ្មានតម្លៃផ្ទេរនៅរដូវក្តៅនេះ ហើយអាចធ្វើការពិភាក្សាមុនកិច្ចសន្យាជាមួយក្លឹបណាមួយនៅពេលនេះ។
Mino Raiola ភ្នាក់ងាររបស់ Paul Pogba បានបញ្ជាក់ថា បិសាចក្រហមចង់រក្សាខ្សែបម្រើរូបនេះ ប៉ុន្តែក៏មានព័ត៌មានថា រូបគេចង់ត្រលប់ទៅ Juventus វិញ។
Raiola បាននិយាយថា៖ «កុងត្រារបស់ Pogba នឹងផុតកំណត់នៅឆ្នាំក្រោយ។ យើងនឹងនិយាយជាមួយ Manchester United ហើយមើល។ ប្រាកដណាស់ថាក្រុមនៅទីក្រុង Turin នៅតែស្ថិតក្នុងបេះដូងរបស់គាត់ ហើយគាត់យកចិត្តទុកដាក់ខ្លាំងចំពោះរឿងទាំងនេះ។ លទ្ធភាពនៃការត្រលប់ទៅ Juventus គឺពិតជាអាចទៅរួច ប៉ុន្តែវាក៏អាស្រ័យលើក្លឹបសេះបង្កង់ផងដែរ»។
ESPN អះអាងថា PSG ចង់ចុះហត្ថលេខាលើខ្សែបម្រើកណ្តាលទាំងពីរនាក់នៅរដូវក្តៅនេះ ដើម្បីលួងចិត្ត Mbappe និងចង់ឱ្យកីឡាករសញ្ជាតិបារាំងរូបនេះចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅក្លឹប។ អតីតតារារបស់ AS Monaco កៀកនឹងផុតកុងត្រា ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Real Madrid ៕