តាកែវ៖ សមត្ថកិច្ចបានចាប់វ៉ៃខ្នោះបុរសម្នាក់ដែលផឹកស្រាស្រវឹងក៏ដុតផ្ទះម្ដាយរបស់ខ្លួនឱ្យឆេះខ្ទេចគ្មានសល់នៅភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវកាលពីល្ងាចថ្ងៃទី១៧ ខែមករា។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះមិន ទូច អាយុ៣៦ឆ្នាំ នៅភូមិ ឃុំកើតហេតុ។ជននេះ បានផឹកស្រាស្រវឹងរួចដុតផ្ទះបាយម្ដាយរបស់ខ្លួនឈ្មោះពុត ង៉ែត អាយុ៧៧ឆ្នាំ បណ្ដាលឱ្យឆេះអស់ទាំងស្រុង។ផ្ទះដែលកូនដុតចោលនោះមានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
សម្ភារខូចខាតមាន ធុងទឹកមួយ,ទូចានមួយ, ឆ្នាំងបាយមួយ, អង្ករមួយបាវ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកបាទីឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
ប្រភព៖ សហការី