កណ្តាល៖ សមត្ថកិច្ចខេត្តកណ្តាលបានបញ្ជូនប្រុសនិងស្រីជាប់សង្ស័យថាលួចសាហាយស្មន់នឹងគ្នាតាមបណ្តឹងរបស់ប្តីស្ត្រីជាប្រពន្ធដែលបានផិតក្បត់ទៅតុលាការ។
មន្ត្រីនគរបាលបានប្រាប់តាមពាក្យបណ្តឹងថា ស្ត្រីជាប្រពន្ធរស់នៅជាមួយប្តីចេះតែរកាំរកូសមិនចុះសម្រុងនឹងគ្នា តែងតែរករឿងប្តី ជាហេតុធ្វើឱ្យប្តីមានការសង្ស័យក៏ដាក់ប្រព័ន្ធ GPS ក្នុងទូរសព្ទរបស់ប្រពន្ធ។ ក្រោយមកស្រាប់តែឃើញប្រពន្ធរបស់ខ្លួននៅជាមួយប្រុសសហាយក្នុងចម្ការស្វាយ។
ខណៈនោះធ្វើឱ្យប្តីប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនទាំង២នាក់កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅចម្ការស្វាយក្នុងភូមិបត់តាជី សង្កាត់ព្រែកហូរខេត្តកណ្តាល តាមពាក្យបណ្ដឹងរបស់ប្តីប្ដឹងអំពី “ការលួចផិតក្បត់មានសហាយស្មន់”។
បុរសជាប្តីឈ្មោះឡុញ វណ្ណៈ អាយុ៥១ឆ្នាំនៅ ខណ្ឌមានជ័យភ្នំពេញ ជាអាជីវករ។ ប្រពន្ធដែលរងការចោទលួចមានសហាយស្មន់ឈ្មោះសួន ពៅ អាយុ៤៣ឆ្នាំជាអ្នកសម្អាងការ។ បុរសដែលលួចទាក់ទងប្រពន្ធគេឈ្មោះអ៊ុ ពន្លក អាយុ៤០ឆ្នាំជាកសិករ ។
ចំពោះមុខនគរបាល ប្រពន្ធបានទទួលស្គាល់ថា រូបនាងបានលួចមានទំនាក់ទំនងជាមួយប្រុសសហាយ ចាប់តាំងពីខែសីហា ឆ្នាំ២០២១ ពិតមែន។ នាងក៏បានសារភាពថា ធ្លាប់រួមភេទជាមួយគ្នាជាច្រើនលើកទៀតផង។កម្លាំងនគរបាលបានរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
ប្រភព៖ សហការី