Chelsea និង Man Utd ត្រៀម​ប្រជែង​គ្នា​ដណ្តើម​យក​ខ្សែការពារ​ម្នាក់​ពី West Ham

0

ក្លិប​តោ​ខៀវ Chelsea ត្រូវ​បាន​រាយការណ៍​ថា កំពុង​ចង់បាន​ខ្សែបម្រើ​ការពារ Declan Rice របស់​ក្លិប West Ham United ហើយ​អាច​នឹង​ប្រជែង​ជាមួយ Manchester United ក្នុង​ការ​ចុះហត្ថលេខា​ផ្ទេរ​រូបគេ ក្នុង​រដូវក្ដៅ​នេះ​។

ខ្សែការពារ​វ័យ ២២​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​គុណភាព​នៅ​លើ​ទីលាន​ប្រកួត​បាន​យ៉ាង​ល្អ​សម្រាប់​ក្រុម​ញញួរ​យក្ស អំឡុង​រដូវ​កាល ២០២១-២២ នេះ ដោយ​រក​គ្រាប់​បាល់​បាន ៣​គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​សម្រេច​ទី ៤​លើក ក្នុង​ការ​បង្ហាញខ្លួន ២៤​ប្រកួត​គ្រប់​ពានរង្វាន់​។

យោង​តាម​ការ​រាយការណ៍​កាលពី​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម កំពុង​ពិចារណា​ក្នុង​ការ​នាំ​យក កីឡាករ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ ទៅ​ចូលរួម​នៅ Old Trafford ដោយ​ចាត់​ទុក​គេ​ជា​បេក្ខជន​ជួរ​មុខ ដើម្បី​មក​ជួយ​ពង្រឹង​តំបន់​បម្រើ​។

យ៉ាងណាមិញ Goal បាន​ចុះ​ផ្សាយ​ថា Rice ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពី Chelsea ជា​ក្លិប​ដែល​គេ​ធ្លាប់​ចាយ​ពេល ៧​ឆ្នាំ​រួម​រស់នៅ​ទីនោះ​។ ប៉ុន្ដែ​ក្លិប​តោ​ខៀវ នឹង​ពិចារណា រវាង​តារា​ឆ្នើម​របស់ West Ham រូប​នេះ ជាមួយ​កីឡាករ Aurelien Tchouameni របស់​ក្លិប Monaco មុន​រដូវ​កាល​ថ្មី ២០២២-២៣ ឈាន​ចូល​មក​ដល់​៕