បេក្ខភាព​បី​រូប​ចុង​ក្រោយ នៃ​ពាន​អ្នកចាំទី​ល្អ​បំផុត​របស់ FIFA

0

FIFA បាន​ប្រកាស​ពី​បេក្ខភាព​បី​រូប​ចុង​ក្រោយ​សម្រាប់​ពានរង្វាន់​អ្នកចាំទី​បុរស​ល្អ​បំផុត​ប្រចាំឆ្នាំ ដោយ​មានឈ្មោះ​កីឡាករ Gianluigi Donnarumma, Edouard Mendy និង Manuel Neuer​។

ការ​បោះ​ឆ្នោត​រក​អ្នក​ឈ្នះ ត្រូវ​បាន​ចូលរួម​ដោយ គ្រូបង្វឹក​ក្រុមបាល់ទាត់ ប្រធាន​ក្រុម និង​អ្នក​សារព័ត៌មាន ដើម្បី​ជ្រើស​យក​អ្នកចាំទី​ដែល​ត្រូវ​បាន​គិត​ថា​ជោគជ័យ​បំផុត ក្នុង​រដូវ​កាល ២០២០-២១ មុន​ពេល​ប្រកាស​ម្ចាស់​ជ័យ​លា​ភី ក្នុង​ថ្ងៃ​ទី​១៧ ខែមករា​ខាង​មុខ​។

អ្នកចាំទី​សម្បូរ​បទ​ពិសោធន៍ Neuer ជា​អ្នក​ការពារ​តំណែង​ម្ចាស់​ពាន​នេះ បន្ទាប់​ពី​ទទួល​បាន​ក្នុង​ឆ្នាំ​២០២០ ហើយ​រំពឹង​ថា​អាច​យក​ពាន​នេះ​ត្រលប់​ទៅ​ផ្ទះ​បាន​ម្ដងទៀត បន្ទាប់​ពី​បាន​បង្ហាញ​គុណ​ផល​ល្អ​សម្រាប់ Bayern Munich ដែល​បាន​គ្រង​ជើងឯក Bundesliga​។

យ៉ាងណាមិញ អ្នកចាំទី Donnarumma ក៏​ទំនងជា​អ្នក​ដែល​អាច​ឈ្នះ​ពាន​នេះ​ផង​ដែរ ដោយសារ​គេ​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ី​តា​លី គ្រង​តំណែង​ជើងឯក EURO 2020​។

ដោយឡែក បេក្ខភាព​ចុង​ក្រោយ​មួយ​រូប​ទៀត​គឺ អ្នកចាំទី Mendy ដែល​បាន​ជួយ​ក្រុម​ដែល​បង្វឹក​ដោយ​លោក Thomas Tuchel ឈ្នះ​ពាន UEFA Champions League រដូវ​កាល ២០២០-២១៕