លោក Michael Owen បានសរសើរអ្នកចាត់ការក្រុម Chelsea លោក Thomas Tuchel ចំពោះការមិនដាក់ Romelu Lukaku សម្រាប់ជំនួបគ្នារបស់ពួកគេជាមួយនឹងក្រុម Liverpool ។ អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសជឿជាក់ថា វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ក្លឹប និងអ្នកគ្រប់គ្រងក្នុងរយៈពេលវែង។
Lukaku បាននិយាយទៅកាន់ Sky Italia នាពេលថ្មីៗនេះ ហើយបានសម្តែងការមិនសប្បាយចិត្តរបស់គាត់ដែលមិនបានលេងទៀងទាត់នៅ Chelsea និងថាគាត់នឹករលឹកដល់ Inter Milan ជាខ្លាំង។ Tuchel បានបញ្ជាក់ថា គាត់មិនបានរំខានចំពោះការបញ្ចេញមតិនេះទេ ប៉ុន្តែរបាយការណ៍បានបង្ហាញថា កីឡាករបែលហ្ស៊ិករូបនេះ បានធ្វើបទសម្ភាសន៍ដោយគ្មានការអនុញ្ញាតពីក្លឹប។
ដោយបង្ហោះសារនៅមុនការប្រកួតរវាង Chelsea និង Liverpool លោក Michael Owen បានគាំទ្រការសម្រេចចិត្តរបស់អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ក្នុងការមិនដាក់ Lukaku ឲ្យចូលលេង។ អ្នកវិភាគរូបនេះបាននិយាយថា៖ «ប្រសិនបើរបាយការណ៍មានភាពត្រឹមត្រូវ វាគឺជាការសម្រេចចិត្តដ៏ធំមួយពី Tuchel ក្នុងការមិនដាក់ Lukaku ឲ្យចូលលេងក្នុងក្រុម Chelsea នៅថ្ងៃនេះ។ ប៉ុន្តែនៅក្នុងចក្ខុវិស័យរយៈពេលវែងរបស់ក្លឹប វាគឺជាការសម្រេចចិត្តដ៏ល្អមួយ»។
Owen បន្ថែមថា៖ «គ្មានកីឡាករណាសំខាន់ជាងក្លឹបទេ ហើយខណៈពេលដែលត្រូវបានជួលដោយនរណាម្នាក់ អ្នកមិនអាចនិយាយចេញមកដូចគាត់នោះទេ»។
របាយការណ៍បានប្រែទៅជាមានភាពសុក្រឹតព្រោះ Lukaku មិនបានស្ថិតក្នុងក្រុមដែលបានស្មើ ២-២ ទល់នឹង Liverpool កាលពីយប់ថ្ងៃអាទិត្យ (២ មករា) នោះទេ៕