ការពិតណាស់ Romelu Lukaku នៅពេលចុងក្រោយនេះ កំពុងតែជួបភាពចម្រូងចម្រាសនៅក្លឹបតោខៀវ Chelsea ក្រោយមានការលើកឡើងក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន ដោយថាតោខៀវត្រឹមជាជម្រើសនៃក្លឹបទី៤ ក្នុងដួងចិត្តរបស់គេប៉ុណ្ណោះ ពេលគិតចង់ចាកចេញពី Inter Milan។ ភាពចម្រូងចម្រាសនេះទៀតសោត ក៏នាំឲ្យឈ្មោះរបស់គេ ត្រូវបានដកចេញពីការប្រកួតទល់ជាមួយនឹង Liverpool នៅយប់ថ្ងៃអាទិត្យផងដែរ។
ក្រោយបានឮដំណឹងនេះលោក Antonio Conte ធ្លាប់ជាគ្រូនិងសិស្សនៅ Inter Milan បានលើកឡើងថា ទោះបីជាមានរឿងអ្វីក៏ដោយ លោកនៅតែគាំទ្រខ្សែប្រយុទ្ធរូបនេះជានិច្ច។
ថ្លែងនៅ Sky Sports Italy លោក Conte ថា៖ «Romelu គេពេលនេះជាកីឡាករនៃក្រុមដទៃ ដូច្នេះខ្ញុំអត់អាចនិយាយអីច្រើនបានទេ តែត្រឹមដឹងថា ខ្ញុំមានអារម្មណ៍ល្អលើគេ គឺវានៅតែមានជានិច្ច»។
គួររំលឹកថា Lukaku បានវិលមកឈរជើងឲ្យ Chelsea ជាលើកទី ២ ជាមួយតម្លៃផ្ទេរកប់ពពក ដល់ទៅ ១១៥ លានអឺរ៉ូ។ ស្ថិតិនៃការបង្ហាញខ្លួន ១៨ប្រកួត គេទើបតែរកបាន ៧គ្រាប់ និង Assist ២ លើកប៉ុណ្ណោះ៕