Gavi បានក្លាយជាកីឡាករសំខាន់ម្នាក់ក្នុងក្រុមធំរបស់ Barcelona ទោះបីជាគេទើបមានវ័យត្រឹមតែ ១៧ឆ្នាំក្ដី។ ខ្សែបម្រើដ៏មានទេពកោសល្យរូបនេះ កំពុងពេញសក្ដានុពល ក្រោយប្រលូកការប្រកួតលើទីលានក្នុងរដូវកាលនេះជាមួយ Barca ដោយមានការរំពឹងថា នឹងអាចជួយក្រុមឱ្យកាន់តែប្រសើរឡើង នៅច្រើនឆ្នាំខាងមុខ។
ទោះយ៉ាងណាក្ដី ខ្សែបម្រើវ័យក្មេងរូបនេះ ធ្លាប់មានឱកាសជ្រើសរើសក្លិបធំពីរផ្សេងទៀតគឺ Real Madrid និង Atletico Madrid កាលគេលេងនៅក្នុងក្រុមថ្នាលរបស់ក្លិប Liara Balompié។
អតីតគ្រូបង្វឹករបស់គេគឺលោក Manuel Vasco បានអះអាងថា Gavi ចង់ចូលរួមតែជាមួយ Barcelona ប៉ុណ្ណោះ។ លោក Vasco បានថ្លែងប្រាប់សារព័ត៌មាន SPORT ថា៖ «ខ្ញុំដឹងថា Real Madrid និង Atletico ចង់បានគេ ប៉ុន្ដែនៅពេលដែលគេទៅ Barcelona គេបានប្រាប់ឪពុករបស់គេថា “ប៉ា កីឡាករល្អបំផុតគឺនៅទីនេះ ហើយខ្ញុំចង់លេងនៅទីនេះ”»។
«ប៉ុន្ដែកាលពីមុននេះ ខ្ញុំគិតថាគេអាចនឹងទៅក្រុមទាំងពីរនៅម៉ាឌ្រីដ ហើយពួកគេកំពុងតាមដាន Gavi ហើយគេប្រាកដថា ប្រសិនបើគេជ្រើសរើសរវាងក្លិបធំៗ គេពេញចិត្ត Barcelona ជាងគេ»៕