McVennie ប្រាប់ Rangnick ថា​គួរ​កុំ​ដាក់​ម្នាក់​នេះ​លេង​ទៀត​អី (​មាន​វី​ដេ​អូ​)

0

វីរបុរស​បាល់ទាត់​សញ្ជាតិ​ស្កុ​ត​ឡេ​ន​លោក Frank McVennie បាន​និយាយ​ថា​ក្លិប​បិសាច​ក្រហម Manchester United មិន​គួរ​ដាក់​ខ្សែបម្រើ Paul Pogba ឲ្យ​ចូល​លេង​ទៀត​នោះ​ឡើយ ទាល់តែ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​។

ជាក់ស្តែង កុងត្រា​បច្ចុប្បន្ន​របស់ Pogba នឹង​អស់​សុ​ពុល​ភាព​នៅ​ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ ហើយ​មក​ទល់​នឹង​ពេល​នេះ Pogba ហាក់​មិន​បាន​បង្ហាញ​បំណង​ចង់​បន្ត​ស្នាក់​នៅ Manchester United ឡើយ​។ ខណៈ​ដែល​ក្លិប​ធំ​ៗ​ដូច​ជា Real Madrid, Juventus, Paris Saint-Germain សុទ្ធតែ​ចង់បាន​រូបគេ​ផង​ដែរ​។

ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូប​នេះ ទើបនឹង​ចូល​លេង​ក្នុង​ការ​ប្រកួត​ទល់​នឹង Atlanta ខណៈ​ដែល​គេ​រកបាន ៣៨​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន ៤៧​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ២១៦​ប្រកួត​ឲ្យ​ក្លិប​។

យ៉ាងណាមិញ​លោក McVennie គិត​ថា Pogba គួរតែ​ក្លាយជា​អ្នកដឹកនាំ​ក្រុម​បិសាច​ក្រហម ព្រោះ​គេ​បាន​ទទួល​ប្រាក់​ឈ្នួល​ខ្ពស់​ណាស់ លោក​បាន​លើក​ឡើង​ថា​៖ «​ក្មេង​នោះ​មាន​សមត្ថភាព ប៉ុន្តែ​គេ​លេង​មិនសូវ​អស់ពី​ចិត្ត​។ សម្រាប់​ខ្ញុំ គេ​ជា​ឧទាហរណ៍​ដែល​អាច​សង្ខេប​គ្រប់យ៉ាង​ដែល​កើតឡើង​នៅ Man Utd នា​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​មកនេះ​។ អ្នក​ទាំងអស់​គ្នា​ទៅ​ស្ដីបន្ទោស​អ្នកចាត់ការ ជំនួស​ឲ្យ​កីឡាករ​ទៅ​វិញ​។ ផ្អែក​លើ​ប្រាក់​ដ៏​ច្រើន​ដែល​ពួក​គេ​ចំណាយ​ទៅ​លើ Pogba គួរតែ​ជា​អ្នកដឹកនាំ​លេង​ដ៏​ពិតប្រាកដ​នៅ​ក្នុង​ទីលាន​។ ប៉ុន្តែ​គេ​មិន​មាន​សមត្ថភាព​អាច​ធ្វើ​បែប​នោះ​ទេ​។ បើសិន​គេ​មិន​ចង់​លេង​ឲ្យ​ក្លិប​នេះ​ទៀត​គឺ កុំ​ដាក់​ឲ្យ​គេ​លេង​អី​។ ខ្ញុំ​ប្រាកដ​ចិត្ត​ថា Man United នឹង​មិន​អី​ទេ បើ​ទោះបី​គ្មាន​គេ​ក៏​ដោយ​។ បើសិន​គេ​មិន​ចុះ​កុងត្រា​ថ្មី គេ​មិន​គួរ​លេង​ឲ្យ Man United ទៀត​ទេ​»៕