គ្រូបង្វឹកក្រុមតោខៀវលោក Thomas Tuchel បានបញ្ជាក់ថា អវត្តមានកីឡាករ Trevoh Chalobah និង Hakim Ziyech អំឡុងពេល Chelsea ស្មើ 0-0 ជាមួយ Wolves ក្នុងការប្រកួត Premier League គឺគ្មានអ្វីធ្ងន់ធ្ងរទេ។
គួររំលឹកថា កីឡាករទាំងពីរត្រូវបានប្តូរចេញបន្តបន្ទាប់គ្នាភ្លាមៗ កំឡុងការប្រកួតដោយខ្សែបម្រើកណ្ដាល Chalobah ត្រូវបានជំនួសដោយ Saul Niguez នៅពាក់កណ្តាលតង់។
បន្ទាប់មកខ្សែប្រយុទ្ធស្លាប Ziyech ក៏ត្រូវបានដកចេញនៅនាទីទី ៦៥ បន្ទាប់ពីរបួសកំភួនជើងដោយ Mateo Kovacic ចូលមកជំនួសគាត់វិញ។
ថ្លែងបន្ទាប់ពីការប្រកួតលោក Tuchel បានបង្ហើបថានៅមិនទាន់ដឹងថា កីឡាករទាំងពីរមិនមានរបួសធ្ងន់ធ្ងរនោះទេ ប៉ុន្តែលោកបានបន្ថែមថា ការពិនិត្យបន្ថែមទៀត នឹងត្រូវធ្វើដើម្បីបញ្ជាក់នៅពេលក្រោយ។
យ៉ាងណាក្តី លោកTuchel បានបង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកួតទាំងបង្ខំនេះ ព្រោះ Chelsea បានដាក់សំណើសុំពន្យារពេលការប្រកួត តែត្រូវបានច្រានចោលដោយ Premier League កាលពីព្រឹកថ្ងៃអាទិត្យ៕