ក្រោយការប្រកាសចូលនិវត្តពីបាល់ទាត់របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ជាដំណឹងមួយដ៏ក្រៀមក្រំចំពោះពិភពបាល់ទាត់។ ដោយសារតែបញ្ហាជំងឺបេះដូងទើបធ្វើឱ្យខ្សែប្រយុទ្ធរូបនេះ សម្រេចចិត្តព្យួរស្បែកជើង។
កីឡាករជនជាតិអាហ្សង់ទីនវ័យ ៣៣ឆ្នាំរូបនេះ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបញ្ចប់អាជីពជាកីឡាករត្រឹមនេះ ប៉ុន្ដែមានការលេចលឺឮពីសារព័ត៌មានថា អតីតក្លិបរបស់គេគឺ Manchester City បានផ្ដល់សំណើទៅ Aguero ក្នុងការក្លាយជាទូតសុច្ឆន្ទៈសម្រាប់ពួកគេ។
លើសពីនេះ Aguero ក៏ទទួលបានសំណើដូចគ្នានេះពីក្លិបផ្សេងទៀតផងដែរ រួមជាមួយនឹងការងារនៅលើកញ្ចក់ទូរទស្សន៍។ យោងតាមប្រភពខាងលើនេះបានឱ្យដឹងផងដែរថា មានស្ថានីយ៍ទូរទស្សន៍បានទាក់ទង Aguero សម្រាប់តំណែងជាអ្នកវិភាគបាល់ទាត់សម្រាប់ពួកគេ។
ប៉ុន្ដែទោះជាយ៉ាងណា វាហាក់ពិបាកសម្រាប់ការទទួលយកសំណើទាំងនេះ ដោយព្រោះតែពេលនេះ អតីតខ្សែប្រយុទ្ធអាហ្សង់ទីន កំពុងផ្តោតទៅលើគម្រោងក្នុងវិស័យ eSport។ KRU Team គឺជាគម្រោងដ៏អស្ចារ្យមួយដែល Aguero បានកសាងឡើង អំឡុងការផ្ទុះឡើងនៃកូវីដ១៩៕