Salah បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ជាមួយ Mane នៅ Liverpool (​មាន​វី​ដេ​អូ​)

0

តារា​ឆ្នើម​របស់ Liverpool កីឡាករ Mohamed Salah បាន​បើកចំហរ​អំពី​ទំនាក់ទំនង​របស់​គាត់​ជាមួយ​មិត្ត​រួម​ក្រុម Sadio Mane ។ ខ្សែប្រយុទ្ធ​ស្លាប​វ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​សារភាព​ថា ពេល​ខ្លះ​គាត់​បាន​ប្រព្រឹត្ត​ក្នុង​លក្ខណៈ​អាត្មា​និយម​ដែល​វា​ជា​អ​ចេតនា​។

Salah បាន​និយាយ​ថា​គាត់ និង Mane មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​។ ទោះបីជា​មានការ​ប្រជែង​គ្នា​ក្នុង​អាជីព​ក៏​ដោយ ក៏​ពួក​គេ​ទាំង​ពីរ​តែងតែ​ខិតខំ​បម្រើ Liverpool ជា​មុន​សិន​។ ថ្លែង​ទៅ​កាន់​ទូរទស្សន៍​អេ​ហ្ស៊ី​ប MBC Salah បាន​និយាយ​ថា​៖

«​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ Sadio Mane គឺ​យើង​ជា​មិត្ត​រួម​ក្រុម​នៅ​លើ​ទីលាន និង​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់ ហើយ​វា​ជា​ទំនាក់ទំនង​ប្រកបដោយ​វិជ្ជាជីវៈ​។ គាត់​និង​ខ្ញុំ​ផ្តល់​អ្វី​គ្រប់យ៉ាង​ដែល​យើង​មាន​ដើម្បី​ឲ្យ​ក្រុម​ឈ្នះ​។ យើង​ប្រហែលជា​មានការ​ប្រកួតប្រជែង​ថា​អ្នក​ណា​ល្អ​ជាង ប៉ុន្តែ​នេះ​ជា​រឿង​ធម្មតា​នៅ​ក្នុង​ក្រុម និង​ជា​សិទ្ធិ​ស្របច្បាប់​សម្រាប់​កីឡាករ​ណាមួយ​ក៏​ដោយ ប៉ុន្តែ​នៅ​ទី​បញ្ចប់ យើង​ធ្វើការ​ដើម្បី​បម្រើ​ក្រុម​»​។

Mohamed Salah ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គាត់​មិន​ច្រណែន​ទេ ប្រសិនបើ​មិត្ត​រួម​ក្រុម Liverpool ណា​ម្នាក់​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​។ ខ្សែប្រយុទ្ធ​ស្លាប​រូប​នេះ​បាន​បញ្ជាក់​ថា គ្មាន​ទំនាក់ទំនង​អាក្រក់​ណាមួយ​រវាង​គាត់​និង Mane ខណៈ​អ្នក​ទាំង​ពីរ​ផ្តល់​បាល់ Assists ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

គាត់​បាន​និយាយ​ថា​៖ «​ពេល​ខ្លះ​ខ្ញុំ​ធ្វើ​រឿង​អាត្មា​និយម​នៅ​លើ​ទីលាន ហើយ​វា​មិន​មាន​ចេតនា​ទេ​»​។ Salah បាន​បន្ត​ថា​៖ «​នៅ​ក្នុង​ការ​ប្រកួត​មួយ Sadio បាន​ចាក​ចេញពី​ទីលាន​ដោយ​ខឹង​។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មនុស្ស​គ្រប់​គ្នា​និយាយ​អំពី​ទំនាក់ទំនង​មិនល្អ​រវាង​ពួក​យើង ហើយ​ពួក​គេ​តែងតែ​តាម​ចាប់កំហុស នៅ​ពេល​ដែល​ខ្ញុំ​មិន​បាន​បញ្ជូន​បាល់​ឲ្យ​គាត់ ឬ​គាត់​មិន​បញ្ជូន​បាល់​ឱ្យ​ខ្ញុំ​។ ប៉ុន្តែ Sadio តែងតែ​ធ្វើការ Assists ឲ្យ​ខ្ញុំ​ជា​ច្រើន ហើយ​ខ្ញុំ​ក៏​ដូច​គ្នា​ដែរ​។ ខ្ញុំ​មិន​ច្រណែន​ទេ ប្រសិនបើ​នរណា​ម្នាក់​ស៊ុត​បញ្ចូល​ទីនោះ​»៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖