ពិតណាស់នៅក្នុងការប្រកួតជុំទី ១៥ ក្នុងក្របខ័ណ្ឌ Premier League កាលពីយប់មិញ ក្រុមស្ករគ្រាប់ Everton បានបើកកីឡដ្ឋានទទួលក្រុមភ្ញៀវ Arsenal ដោយលទ្ធផលឈ្នះ ២-១។
ក្រោយចប់ការប្រកួត កំពូលអ្នកវិភាគបាល់ទាត់លោក Gary Neville បានបង្ហាញការជឿជាក់ថា Arsenal ទំនងជាសម្រេចចែកផ្លូវជាមួយប្រធានក្រុម Pierre-Emerick Aubemayang ហើយនៅពេលខាងមុខ ក្រោយឃើញការរៀបចំប្រព័ន្ធលេងទល់ Everton កាលពីយប់មិញ។ ជាការពិតក្នុងនាមជាប្រធានក្រុម តែអ្នកចាត់ការលោក Mikel Arteta ពុំបានដាក់ Aubameyang នៅជម្រើស ១១ នាក់ដំបូងនោះទេ ហើយទុកដល់នាទី ៨៥ ទើបប្តូរចូល។
ថ្លែងក្នុង Monday Night Football លោក Neville និយាយថា៖ «ខ្ញុំគិតថានៅពីក្រោយការប្រកួតនេះ គឺទំនងជាមានបញ្ហា ដោយ Aubameyang គេជាប្រធានក្រុម តែអ្នកចាត់ការលោក Arteta បែរជាដកគេចេញពី ១១នាក់ដំបូង មើលទៅដូចជាមានរឿងមិនល្អនៅពីក្រោយនោះ»។
លោកបន្តថា៖ «ខ្ញុំសង្ស័យថា ប្រហែល Arteta នឹងលក់គេយកលុយចូលក្លឹប រួចយកនរណាមកជំនួសហើយនៅពេលខាងមុខ»។
គួររំលឹកដែរថា ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង វ័យ ៣២ឆ្នាំរូបនេះ បានផ្ទេរមក Arsenal នៅរដូវក្តៅឆ្នាំ ២០១៨ ហើយសល់កុងត្រាដល់រដូវក្តៅ ឆ្នាំ ២០២៣ ឯណោះ។ បើក្លឹបសម្រេចលក់គេចេញត្រឹមខែមករាខាងមុខនោះ ហាងឆេងតម្លៃខ្លួនអាចថ្លៃល្បាក់ ២៥ លានអឺរ៉ូ៕