លោក Michael Carrick អ្នកមើលការខុសត្រូវរបស់ក្រុម Manchester United បានសម្រេចចិត្តចាកចេញពីក្លឹប បន្ទាប់ពីយកឈ្នះលើក្រុម Arsenal ។ បុរសសញ្ជាតិអង់គ្លេសដែលបានចំណាយពេល ១៦ ឆ្នាំនៅ Old Trafford ក្នុងនាមជាកីឡាករ និងគ្រូបង្វឹក នឹងមិនមែនជាផ្នែកមួយនៃបុគ្គលិកជំនួយ សម្រាប់អ្នកគ្រប់គ្រងបណ្តោះអាសន្នដែលទើបតែងតាំងថ្មីលោក Ralf Rangnick ឡើយ។
លោក Carrick បានចូលកាន់តំណែងបន្តពីលោក Ole Gunnar Solskjaer និងបានដឹកនាំក្រុម Manchester United ឱ្យឈ្នះពីរលើកក្នុងចំណោមបីប្រកួត រួមទាំងជ័យជម្នះ ៣-២ នាពេលថ្មីៗនេះលើគូប្រជែងដ៏ជូរចត់ Arsenal ។ គួរកត់សម្គាល់ដែរថា បិសាចក្រហមមិនដែលចាញ់ឡើយ អំឡុងពេលគាត់កាន់កាប់តំណែងជាអ្នកចាត់ការទូទៅ។
អតីតខ្សែបម្រើ Manchester United រូបនេះបានសារភាពថា វាគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែជឿជាក់យ៉ាងមុតមាំថា វាគឺជាការសម្រេចចិត្តត្រឹមត្រូវ។ ទោះបីជាវាបានកើតឡើងដែលជាការភ្ញាក់ផ្អើលសម្រាប់មនុស្សជាច្រើនក៏ដោយ Manchester United បានប្រញាប់ប្រញាល់ថ្លែងអំណរគុណចំពោះ Carrick សម្រាប់ការងាររបស់គាត់កន្លងមក។
និយាយអំពីការសម្រេចចិត្តរបស់គាត់ Carrick ត្រូវបានគេដកស្រង់សម្តីថា៖ «ពេលវេលារបស់ខ្ញុំនៅក្លឹបដ៏អស្ចារ្យនេះ គឺជាឆ្នាំដ៏ល្អបំផុតនៃអាជីពរបស់ខ្ញុំ។ ខ្ញុំបានសម្រេចចិត្តថា ពេលនេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការចាកចេញពីក្លឹប។ ខ្ញុំសូមជូនពរលោក Ralf Rangnick បុគ្គលិក កីឡាករ និងអ្នកគាំទ្រទាំងអស់ឱ្យជួបតែសំណាងល្អទៅថ្ងៃអនាគត»។
បញ្ជាក់ផងដែរថា Manchester United នឹងត្រូវប៉ះ Crystal Palace ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ។ ក្រុមបិសាចក្រហមបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៧ ក្នុងតារាងដោយមាន ២១ ពិន្ទុពី ១៤ ប្រកួត៕
សូមទស្សនាវីដេអូខាងក្រោម៖