លោក Thomas Tuchel បានពន្យល់ពីទម្រង់លេងរបស់ Chelsea ក្នុងលទ្ធផលស្មើ ១-១ ជាមួយ Manchester United កាលពីយប់ថ្ងៃអាទិត្យ។ ក្រុមតោខៀវត្រូវបានស៊ុតបញ្ចូលទីដោយគ្រាប់បាល់របស់ Jadon Sancho នៅតង់ទីពីរ មុនពេល Jorginho ស៊ុតបាល់ពិន័យ ១១ម៉ែត្រតាមស្មើនៅនាទីទី ៦៩។
នៅក្នុងការប្រកួតនេះ Chelsea គឺជាក្រុមដែលមានភាគរយឈ្នះច្រើន ដោយផ្អែកលើទម្រង់លេងរបស់ពួកគេ។ វាគឺជាការប្រកួត Premier League លើកដំបូងរបស់លោក Michael Carrick ជាគ្រូបង្វឹកបណ្តោះអាសន្នថ្មី ដែលទទួលបន្ទុក Manchester United បន្ទាប់ពីការបណ្តេញលោក Ole Gunnar Solskjaer កាលពីសប្តាហ៍មុន។
ថ្លែងបន្ទាប់ពីការប្រកួតលោក Tuchel បានបន្លឺសំឡេងភ្ញាក់ផ្អើលដែល Chelsea មិនបានទទួលជ័យជម្នះ បន្ទាប់ពីភាគរយគ្រប់គ្រងបាល់ច្រើនជាង Manchester United សម្រាប់ការប្រកួតនេះ។ គាត់បានពន្យល់ថា៖ «ប្រាកដណាស់ ការប្រកួតនេះពិបាកនឹងស្រមៃថាពួកយើងបានត្រឹមស្មើ ពីព្រោះយើងជាក្រុមដែលល្អជាង ហើយយើងជាក្រុមដែលមានការលេងស៊ីចង្វាក់គ្នាល្អ។ យើងខកចិត្ត ប៉ុន្តែយើងមិនមានការសោកស្តាយទេ។ យើងដឹងហើយថា អ្វីគ្រប់យ៉ាងគឺអាចកើតឡើងនៅក្នុងបាល់ទាត់ ។ យើងមិនមានអារម្មណ៍ល្អទេ នៅពេលដែលវាកើតឡើងបែបនេះ ប៉ុន្តែជាលទ្ធផលគឺមិនអាចប្រកែកបាន»។
លោកបន្តថា៖ «ខ្ញុំបានប្រាប់ទៅកាន់ក្រុមថា ខ្ញុំសប្បាយចិត្តជាមួយនឹងការបង្ហាញទម្រង់លេងរបស់ពួកគេ។ ខ្ញុំសប្បាយចិត្តជាមួយនឹងវិធីដែលយើងលេង ហើយខ្ញុំសប្បាយចិត្តជាមួយនឹងភាពក្លាហានដែលយើងបង្ហាញ ភាពខ្លាំង ឆន្ទៈ និងកម្លាំង។ នេះជាក្រុមដែលស្រេកឃ្លានជ័យជំនះ និងជាក្រុមដែលលេងដោយការខិតខំប្រឹងប្រែងច្រើន ហើយនេះជាអ្វីដែលខ្ញុំពេញចិត្ត ព្រោះវាគួរឱ្យរំភើបក្នុងការបង្វឹក ហើយក៏គួរឱ្យរំភើបក្នុងការមើលផងដែរ»។
បញ្ជាក់ផងដែរថា ក្នុងលទ្ធផលស្មើនេះមានន័យថា Chelsea បច្ចុប្បន្នមានតែមួយពិន្ទុនាំមុខ Manchester City និងពីរពិន្ទុនាំមុខ Liverpool នៅលើកំពូលតារាង Premier League។ ក្រុមតោខៀវនឹងធ្វើដំណើរទៅកាន់ទឹកដីរបស់ Watford នៅថ្ងៃពុធ ជាកន្លែងដែលពួកគេនឹងសម្លឹងរកការត្រលប់មកវិញជាមួយនឹងជ័យជម្នះ៕
សូមទស្សនាវីដេអូខាងក្រោម៖