របាយការណ៍កាលពីថ្ងៃព្រហស្បតិ៍បានអះអាងថា បិសាចក្រហមបានឈានដល់កិច្ចព្រមព្រៀងជាមួយអតីតគ្រូបង្វឹក RB Leipzig លោក Rangnick ដើម្បីក្លាយជាគ្រូបង្វឹកបណ្តោះអាសន្នថ្មីរបស់ពួកគេ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានគេនិយាយថាបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេលប្រាំមួយខែ។
លោក Rangnick ធ្លាប់បានគ្រប់គ្រងក្លឹបដូចជា RB Leipzig, Schalke, Hoffenheim និង VFB Stuttgart។ គ្រូបង្វឹកវ័យ ៦៣ ឆ្នាំរូបនេះ បានទទួលការសរសើរជាច្រើនចំពោះការងាររបស់គាត់ ជាមួយក្លឹបដែលបានរៀបរាប់ខាងលើផងដែរ។
ទោះជាយ៉ាងណាក៏ដោយ អតីតកីឡាកររបស់ Manchester United លោក Dimitar Berbatov បានចង្អុលបង្ហាញថាលោក Rangnic មិនមានបទពិសោធន៍ក្នុងការគ្រប់គ្រង «ក្រុមធំៗ» នោះទេ។
អតីតកកីឡាករប៊ុលហ្គារីរូបនេះបាននិយាយថា៖ «គាត់ត្រូវបានគេគោរពយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានគ្រប់គ្រងក្រុមដូចជា Schalke, Stuttgart និង Leipzig ប៉ុន្តែគាត់មិនដែលគ្រប់គ្រងក្រុមធំៗទេ។ Man Utd គឺជាក្លឹបដ៏ធំបំផុតមួយនៅក្នុងពិភពលោក»។
បញ្ជាក់ផងដែរថាលោក Rangnick ត្រូវបានគេនិយាយថាបានជះឥទ្ធិពលលើអ្នកចាត់ការល្អបំផុតមួយចំនួនក្នុងពិភពលោក រួមទាំងអ្នកចាត់ការ Liverpool លោក Jurgen Klopp និងលោក Thomas Tuchel គ្រូ Chelsea ផងដែរ៕