Michael Carrick មាន​អារម្មណ៍​មិន​សប្បាយចិត្ត

0

ការ​ស្វែងរក​អ្នកចាត់ការ​បណ្ដោះអាសន្ន​របស់ Manchester United ទំនងជា​ត្រូវ​បាន​បញ្ចប់​។ របាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អះអាង​ថា​ក្រុម Old Trafford បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​អតីត​គ្រូបង្វឹក RB Leipzig លោក Ralf Rangnick ។

អ្នកចាត់ការ​សញ្ជាតិ​អា​ឡឺ​ម៉​ង់ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា នឹង​ចូល​កាន់​តំណែង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​របស់​បិសាច​ក្រហម​។ លោក Michael Carrick មាន​អារម្មណ៍​ថា Manchester United អាច​សម្រប​ខ្លួន​ទៅ​នឹង​ការ​ទាមទារ​របស់​អ្នកចាត់ការ​ថ្មី ចំ​ពេល​មាន​ទំនាក់ទំនង​ទាំងនេះ​។

បើ​មាន​សេចក្តីរាយការណ៍​ត្រូវ​បាន​គេ​ជឿ លោក Rangnic បាន​យល់ព្រម​ដឹកនាំ Manchester United រហូត​ដល់​ចប់​រដូវ​កាល​។ បន្ទាប់​មក​អតីត​គ្រូបង្វឹក Schalke នឹង​បន្ត​នៅ Old Trafford ក្នុង​តួនាទី​ជាទី​ប្រឹក្សា​រយៈពេល​ពីរ​ឆ្នាំ​ទៀត​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​លោក Rangnick នឹង​មិន​មាន​វត្តមាន​សម្រាប់​ការ​ប្រកួត Premier League របស់ Manchester United ជាមួយ​ក្រុម​កំពូល​តារាង Chelsea នៅ​ថ្ងៃអាទិត្យ​នោះ​ទេ គឺ​លោក Michael Carrick ជា​អ្នក​បន្ត​ដឹកនាំ​បិសាច​ក្រហម​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម​របស់​លោក Thomas Tuchel ។

នៅ​មុន​ការ​ប្រកួត​របស់ Manchester United ជាមួយ Chelsea លោក Carrick បាន​អះអាង​ថា​បិសាច​ក្រហម​នឹង​សម្រប​តាម​ការ​ទាមទារ​របស់​អ្នកចាត់ការ​ថ្មី​របស់​ពួក​គេ ដោយ​មិន​គិត​ពី​អ្នក​ណា​ដែល​ចូល​មក​។

ទោះជា​យ៉ាងណា​ក៏​ដោយ Carrick បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត ចំពោះ​ទំនាក់ទំនង​របស់ Manchester United ជាមួយ​លោក Rangnic ។ គាត់​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​គិត​ច្រើន​ទេ អ្វី​ដែល​ខ្ញុំ​គិត​គឺ​ការ​ប្រកួត​នៅ​ថ្ងៃ​ខាង​មុខ​»​។

រំលឹក​ឡើង​វិញ​ដែរ​ថា​លោក Carrick បាន​ដឹកនាំ Manchester United ឈ្នះ Villarreal ក្នុង​ការ​ប្រកួត Champions League កាលពីដើម​ស​ប្តា​ហ៍​នេះ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ អតីត​ខ្សែបម្រើ​រូប​នេះ​អាច​ចុះ​ចេញពី​ដំណែង បន្ទាប់​ពី​ការ​ប្រកួត​របស់​បិសាច​ក្រហម​ជាមួយ Chelsea នៅ​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ​៕