Khalifah Bin Hamad Al-Thani បងប្អូនជីដូនមួយរបស់ប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានអះអាងថាក្លឹបបានចុះហត្ថលេខាលើលោក Zinedine Zidane ជាអ្នកចាត់ការថ្មីរបស់ពួកគេ។
Khalifah Bin Hamad Al-Thani បានបង្ហោះលើ Twitter ដើម្បីប្រកាសថា កិច្ចព្រមព្រៀងបានកើតឡើងហើយរវាង PSG និង Zinedine Zidane។ លោកបានបន្ថែមថា អតីតគ្រូបង្វឹកក្រុម Real Madrid នឹងត្រូវប្រកាសជាអ្នកចាត់ការថ្មីរបស់ពួកគេក្នុងពេលឆាប់ៗនេះ។ គាត់បានបង្ហោះលើ Twitter របស់គាត់ថា៖ «អ្វីៗត្រូវបានដោះស្រាយ។ ឆាប់ៗនេះនឹងត្រូវបានប្រកាស។ សូមស្វាគមន៍ Zezo»។
Al-Thani ក៏បានបង្ហោះរូបភាពរបស់លោក Zinedine Zidane ដោយគ្រាន់តែសរសេរថា «រាត្រីសួស្តី»។ គួររំលឹកផងដែរថា Khalifah Bin Hamad Al-Thani បានបញ្ជាក់ព័ត៌មានធំៗជាច្រើនជុំវិញ PSG ។ សមាជិកនៃគ្រួសាររាជវង្សកាតារូបនេះ ធ្លាប់បានបញ្ជាក់ពីការចុះហត្ថលេខារបស់ Lionel Messi និង Kylian Mbappe ។
Zinedine Zidane ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងាររបស់ PSG ចាប់តាំងពី Manchester United សម្រេចចិត្តបណ្តេញលោក Ole Gunnar Solskjaer កាលពីចុងសប្តាហ៍មុន។ យោងតាមរបាយការណ៍ផ្សេងៗ បិសាចក្រហមចង់ជំនួស Solskjaer ជាមួយអ្នកចាត់ការ PSG បច្ចុប្បន្នលោក Mauricio Pochettino ។
Mauricio Pochettino ត្រូវបានគេចាត់ទុកថាជាបេក្ខភាពជម្រើសដំបូងរបស់ Manchester United ដើម្បីជំនួសតំណែង Solskjaer ជាអចិន្ត្រៃយ៍។ Zinedine Zidane ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកន្លែងទំនេរនៅ Old Trafford ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ Manchester United ទំនងជានឹងតែងតាំងអ្នកចាត់ការបណ្តោះអាសន្នសម្រាប់រដូវកាល ២០២១-២២ មុនពេលធ្វើការតែងតាំងជាអចិន្ត្រៃយ៍សម្រាប់រដូវកាលក្រោយ។ ខណៈដែលអ្វីៗកំពុងដំណើរការ បិសាចក្រហមជិតនឹងប្រកាសលោក Ralf Rangnick ជាអ្នកគ្រប់គ្រងបណ្តោះអាសន្នថ្មីរបស់ពួកគេ៕