Luis Figo ចេញ​មុខការ​ពារ Cristiano Ronaldo (​មាន​វី​ដេ​អូ​)

0

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​ក្លាយជា​គោលដៅ​សម្រាប់​អ្នក​រិះគន់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ បន្ទាប់​ពី​ការ​បង្ហាញ​ទម្រង់​លេង​មិនសូវ​ល្អ​សម្រាប់​ក្រុម​។ អតីត​តារា​ឆ្នើម​របស់​ក្រុម Real Madrid លោក Luis Figo បាន​ចេញ​មុខ​ទៅ​ការពារ​អ្នក​ឈ្នះ Ballon d’Or ៥​សម័យ ចំ​ពេល​កំពុង​មាន​សម្ពាធ​កើនឡើង​។

អតីត​កីឡាករ​វ័យ ៤៩ ឆ្នាំ​រូប​នេះ​បាន​រំលឹក​ឡើង​វិញ​ថា Cristiano Ronaldo ស្ថិត​ក្នុង​ចំណោម​កីឡាករ​កំពូល​ក្នុង​ក្រុម​នា​ពេល​នេះ ដែល​ធ្វើ​អោយ​គាត់​ពិបាក​យល់​អំពី​មូលហេតុ​ដែល​ត្រូវ​បាន​គេ​រិះគន់​។

Figo បាន​និយាយ​អំពី​ការ​រិះគន់​ដែល​ផ្តោត​លើ Cristiano Ronaldo ។ «CR7 គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​ល្អ​បំផុត​នៅ​ក្នុង​ក្រុម​ទាក់ទង​នឹង​ទម្រង់​លេង ដូច្នេះ​ខ្ញុំ​មិន​យល់​ពី​ការ​រិះគន់​ទាំងនេះ​ទេ​»​។

Cristiano Ronaldo បាន​ត្រលប់​មក​កាន់ Manchester United វិញ​ដោយ​នឹក​ស្មាន​មិន​ដល់ បន្ទាប់​ពី​ចែកផ្លូវ​ជាមួយ Juventus ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​។ ក្រុម Manchester United បាន​ឈ្នះ​តែ​ពីរ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម​ការ​ប្រកួត ៦ ចុង​ក្រោយ​របស់​ពួក​គេ​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​។ បិសាច​ក្រហម​បច្ចុប្បន្ន​ឈរ​នៅ​លេខ​រៀង​ទី ៨ ក្នុង​តារាង Premier League មាន ១៧ ពិន្ទុ ដោយ​បាន​កត់ត្រា​ជ័យជម្នះ ៥ ចាញ់ ៥ និង​ស្មើ ២​លើក​មក​ទល់​ពេល​នេះ ហើយ​ពួក​គេ​បាន​ធ្លាក់​ចេញពី​ពាន EFL Cup ក្រោយ​ចាញ់ West Ham United ក្នុង​លទ្ធផល ១-០ កាលពី​ខែកញ្ញា​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖