វីរបុរសបាល់ទាត់របស់ហង្សក្រហម Liverpool លោក Jamie Carragher បានបង្ហាញការជឿជាក់ថាក្លឹបបារាំង Paris Saint-Germain នឹងមិនអាចឈ្នះពានរង្វាន់ UEFA Champions League បាននោះទេ ដរាបណាក្នុងក្រុមរបស់ពួកគេមានតារាឆ្នើម Lionel Messi លេងព្រមគ្នាជាមួយ Neymar និង Kylian Mbappe។
ការលើកឡើងនេះ ធ្វើឡើងក្រោយលទ្ធផលនៅពូល A ជុំទី ៥ កាលពីយប់មិញ PSG ទទួលរងបរាជ័យក្រោមលទ្ធផល ១-២ ទល់ Man City នៅឯកីឡដ្ឋាន Etihad Stadium។ ថ្វីបើលំដាប់ពិន្ទុនៅតែអាចធានាឲ្យ PSG កក់កៅអីវគ្គ ១៦ ក្រុមតែ Carragher នៅតែមិនគិតទេថាក្រុមបារាំងជាបេក្ខភាពអាចឈ្នះពានរដូវកាល ២០២១/២២។
ថ្លែងទៅកាន់ Paramount Plus លោក Carragher និយាយ៖ «ខ្ញុំគិតថាមាន ៤ ក្រុមដែលសង្ឃឹមខ្ពស់នឹងឈ្នះ Champions League មានដូចជា Man City, Liverpool, Chelsea ឬ Bayern Munich ពួកគេលេងដោយមិនចាំបាច់ផ្តោតតែលើការគាំទ្រនរណាម្នាក់នោះទេក្នុងក្រុម»។
លោកបន្តថា៖ «តែនេះ PSG គឺមាន Messi គេលេងអត់រត់ទៅមកទេ ខ្ញុំដឹងគេអាយុ ៣៤ ឆ្នាំហើយ ដូច្នេះគេត្រូវធ្វើនូវអ្វីដែលអាចធ្វើបាន តែគ្រាន់ខ្ញុំគិតថា ក្រុម PSG មិនអាចជួយគាំទ្រគាត់មួយទំហឹងបានទេ ហើយកុំភ្លេចណាកាលនៅ Barcelona ក្លឹបនោះមិនបានឈ្នះពាន Champions League ជាយូរណាស់មកហើយ ដូច្នេះសម្រាប់ PSG ខ្ញុំគិតថាពួកគេនឹងគ្មានឱកាសទេ»។
«នេះយើងមើលទៅ Liverpool ដែលមាន Salah, Mane ពួកគេរត់គ្រប់ទីកន្លែងលើទីលាន យើងមើល City ដែលមាន De Bruyne, Mahrez និង Sterling ក៏ដូចគ្នា ហើយ Bayern មាន Thomas Muller និង Lewandowski ក៏ពួកគេអត់នៅស្ងៀមដែរ ខ្ញុំធ្លាប់និយាយរបៀបហ្នឹងដាក់ Ronaldo ដែរថាលេងអត់រត់ តែសំខាន់គេនៅអាចរកបានគ្រាប់បាល់ឲ្យក្រុម»៕