Ansu Fati ត្រូវបានចោរចូលផ្ទះរបស់គាត់កាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលការប្រកួត Catalan Derby របស់ Barcelona ទល់នឹង Espanyol ខណៈពេលដែលកីឡាកររូបនេះ កំពុងអង្គុយមើលមិត្តរួមក្រុមរបស់គាត់ ផ្តួលអ្នកជិតខាងរបស់ពួកគេ ក្នុងលទ្ធផល ១-០។
ក្រុមគ្រួសាររបស់ Fati នៅក្នុងផ្ទះនៅពេលមានក្រុមចោរចូលលួចទ្រព្យសម្បត្តិ។ យោងតាម La Vanguardia បានឲ្យដឹងថា ក្រុមចោរចូលពីជាន់ខាងលើ ហើយយកបានលុយ គ្រឿងអលង្ការ និងនាឡិកាមួយចំនួន។ ស្របពេលនោះ ក្រុមគ្រួសាររបស់កីឡាករវ័យក្មេងរូបនេះ ស្ថិតនៅជាន់ផ្ទាល់ដីកំពុងមើលការប្រកួតរបស់ Barcelona។
បន្ទាប់ពីលឺសំឡេងដែលក្រុមចោរធ្វើសកម្មភាព ពួកគេបានទូរស័ព្ទទៅប្តឹងប៉ូលីស ដើម្បីចៀសវាងការប្រឈមមុខនឹងក្រុមចោរដោយខ្លួនឯង។ លុះដល់ពេលប៉ូលិសមកដល់ ក្រុមចោរក៏បានចាកចេញទៅបាត់ស្រមោល៕