លោក Ole Gunnar Solskjaer បាននិយាយពាក្យចុងក្រោយរបស់ខ្លួនផ្ដាំផ្ញើទៅ Manchester United ទាំងទឹកមុនក្រៀមក្រំ បន្ទាប់ពីត្រូវបានបញ្ចប់តំណែងជាអ្នកចាត់ការក្លិប ដោយសារដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អជាច្រើនប្រកួតកន្លងមកនេះ។
គ្រូបង្វឹកសញ្ជាតិន័រវែសវ័យ ៤៩ឆ្នាំរូបនេះ បាននិយាយលាយឡំនឹងទឹកភ្នែក បន្ទាប់ពីលោកត្រូវសម្រាកពីតំណែង ក្រោយពេលបញ្ចប់លទ្ធផលបរាជ័យ ៤-១ ក្រោមថ្វីជើងរបស់ Watford កាលពីថ្ងៃសៅរ៍។
បន្ទាប់ពីត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្ន កាលពីខែធ្នូឆ្នាំ២០១៨ លោក Solskjaer រ៉ាប់រងការងារធ្ងន់ ដោយត្រូវកសាងក្លិបជាថ្មី បន្ទាប់ពីជួបរឿងខកចិត្តក្រោមការដឹកនាំដោយលោក David Moyes, Louis van Gaal និង Jose Mourinho។
នៅក្នុងពីររដូវកាលដំបូង លោក Solskjaer បានជួយក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣ និង លេខ២ ក្នុងតារាង Premier League ហើយលោកជាអ្នកចាត់ការដំបូងបន្ទាប់ពីលោក Sir Alex Ferguson ដែលបញ្ចប់រដូវកាល បានកៅអីលេងនៅ UEFA Champions League ពីរលើកជាប់គ្នា។
ប៉ុន្ដែក្រុមបិសាចក្រហម បានចាប់ផ្ដើមរដូវកាល ២០២១-២២ ជាមួយនឹងលទ្ធផលដែលពិបាកទទួលយក ដោយបរាជ័យទល់នឹងក្រុមកៀកបាតតារាង Watford បន្ទាប់ពីចាញ់ គូប្រជែងក្នុងលីគ Liverpool និង Manchester City ជាបន្ដបន្ទាប់។
ជាការផ្ដាំផ្ញើចុងក្រោយលោក Solskjaer និយាយថា៖ «អ្នកដឹងថាក្លិបនេះ មានន័យចំពោះខ្ញុំបែបណា ហើយអ្វីដែលខ្ញុំចង់បានគឺជោគជ័យនៅទីនេះ។ សម្រាប់ក្លិប សម្រាប់អ្នកគាំទ្រ សម្រាប់កីឡាករ និងបុគ្គលិករបស់ក្លិប»។
«ខ្ញុំចង់ឱ្យយើងឈានទៅជំហ៊ានបន្ទាប់ ដើម្បីប្រជែងពានលីគ ឈ្នះពានរង្វាន់ជាច្រើន ហើយខ្ញុំគ្រាន់តែគិតថាវាត្រឹមត្រូវ ចំពោះអ្វីដែលបានលេចលឺកន្លងមក។ ខ្ញុំមិនចង់ឆ្លើយគ្រប់យ៉ាងនោះទេ… មានអ្នកសារព័ត៌មានសួរខ្ញុំពេលសម្ភាសន៍ ប៉ុន្ដែខ្ញុំមិនចង់ធ្វើសម្ភាសន៍ទេ»។
«ខ្ញុំចង់ចាកចេញពីទីនេះ ខ្ញុំនឹងចាកចេញតាមទ្វារមុខ ព្រោះខ្ញុំគិតថាគ្រប់គ្នាដឹងថា ខ្ញុំផ្ដល់គ្រប់យ៉ាងដល់ក្លិបមួយនេះ។ ក្លិបនេះមានន័យគ្រប់យ៉ាងសម្រាប់ខ្ញុំ ប៉ុន្ដែគួរឱ្យស្ដាយ ខ្ញុំមិនអាចទទួលបានលទ្ធផលដែលយើងត្រូវការ ហើយវាជាពេលដែលខ្ញុំត្រូវចាកចេញ។ ខ្ញុំពិតជាមានមោទកភាពណាស់។ ជាការពិត វានៅក្នុងចំណោមរឿងដែលខ្ញុំតែងស្រមៃត្រូវធ្វើ នៅក្នុងជីវិតរបស់ខ្ញុំ»៕