កីឡាករ Jack Grealish បានក្លាយជាកីឡាករអង់គ្លេសថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីបានផ្ទេរទៅ Manchester City ក្នុងតម្លៃ ១០០ លានអឺរ៉ូនៅរដូវក្តៅ ប៉ុន្តែបច្ចុប្បន្នគាត់បានប្រឈមនៅក្នុងបញ្ហាជាមួយនឹងដៃគូរស្នេហា ដែលបានដាក់ឱសានវាទដល់គាត់។
ថ្មីៗនេះ អតីតខ្សែបម្រើ Aston Villa វ័យ ២៦ឆ្នាំរូបនេះ ត្រូវបានគេនិយាយថា កំពុងលួចមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយតារាសម្ដែងអង់គ្លេសនាង Emily Atack ដោយមានអ្នកខ្លះអះអាងថា វាហួសពីមិត្តភាព។
យ៉ាងណាវិញនាង Sasha Attwood គឺជាតារាម៉ូដែលអាយុ ២៥ ឆ្នាំមកពី West Midlands ហើយត្រូវបានគេរាយការណ៍ថាជាមិត្តស្រីរបស់ Grealish តាំងពីពួកគេនៅជាសិស្សសាលា។ បានកើតរឿងក្តៅក្រហាយខ្លាំងជាមួយគ្នា រហូតឈានដល់ ប្រកាសទុកឱសានវាទឱ្យជ្រើសរើសរវាងនាង និង Emily ក្នុងបណ្តាញសង្គមថែមទៀតផង។
គួរបញ្ជាក់ថា ការចោទប្រកាន់នៅក្នុងសារព័ត៌មានរបស់អង់គ្លេសអះអាងថា Grealish មានទំនាក់ទំនងសម្ងាត់រយៈពេលប្រាំមួយសប្តាហ៍ជាមួយនាង Atack ហើយថានាង Sasha ទើបតែដឹងពីរឿងនេះ បន្ទាប់ពីការឈ្នះរបស់អង់គ្លេសលើអាល់បានី ៥-០ អំឡុងពេលសម្រាកអន្តរជាតិ៕