អតីតអ្នកចាត់ការទូទៅដ៏មហិមាលោក Sir Alex Ferguson បានបង្ហើបថាការចុះហត្ថលេខារបស់ Thierry Henry ក្នុងឆ្នាំ ១៩៩៩ បានធ្វើឱ្យការប្រកួតប្រជែងរវាង Manchester United និង Arsenal ឈានដល់កម្រិតគួរឲ្យចាប់អារម្មណ៍។
អតីតគ្រូបង្វឹកវ័យ ៧៩ ឆ្នាំរូបនេះ បានបើកចំហអំពីការប្រជែងគ្នារបស់គាត់ជាមួយអតីតអ្នកចាត់ការ Arsenal លោក Arsene Wenger នៅក្នុងផ្នែកមួយនៃអាជីពរបស់គាត់។ បុរសសញ្ជាតិស្កុតឡេនរូបនេះ បានពន្យល់ពីរបៀបនៃការចុះហត្ថលេខារបស់ Thierry Henry និងការផ្លាស់ប្តូររបស់គាត់ពីខ្សែបម្រើស្លាបទៅជាខ្សែប្រយុទ្ធ បានធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។
គាត់បាននិយាយថា៖ «វាបានក្លាយទៅជាឥទ្ធពលភ្លាមៗ។ ការផ្លាស់ប្តូរដ៏ធំធេងរបស់ Arsenal គឺបង្កើតឡើងដោយ Thierry Henry ហើយគ្រាប់បាល់ដែលគាត់បានស៊ុតបញ្ចូលទី ពិតជាអស្ចារ្យណាស់»។
Thierry Henry ត្រូវបាននាំយកមក Arsenal ពី Juventus ក្នុងឆ្នាំ ១៩៩៩ ក្នុងតម្លៃកំណត់ត្រាក្លឹប ១១ លានផោន។ គាត់បានចូលរួមជាមួយក្រុមកាំភ្លើងធំក្នុងនាមជាខ្សែបម្រើស្លាបឆ្វេង ប៉ុន្តែលោក Arsene Wenger បានសម្រេចចិត្តថាមិត្តរួមជាតិរបស់គាត់គឺស័ក្តិសមបំផុតសម្រាប់តំណែងជាខ្សែប្រយុទ្ធ។
ការសម្រេចចិត្តនេះបានធ្វើឲ្យ Henry ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹប ដោយមាន ២២៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧៧ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ កាលនៅ Arsenal កីឡាករ Thierry Henry ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Premier League ពីរដង។ គាត់ក៏បានឈ្នះស្បែកជើងមាស Premier League បួនដង និងស្បែកជើងមាសអឺរ៉ុបពីរដងផងដែរ។
Henry គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមដែលឈ្នះពាន Premier League ចំនួនពីររបស់ Arsenal រួមទាំងក្រុមមិនដែលចាញ់ក្នុងរដូវកាល ២០០៣-២០០៤ ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖