ក្លឹប Paris Saint-Germain បានបញ្ជាក់ថា ខ្សែបម្រើនាង Aminata Diallo ត្រូវបានប៉ូលីសចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធ “បន្ទាប់ពីមានការវាយប្រហារលើកីឡាការិនីរបស់ក្លឹប” កាលពីសប្តាហ៍មុន។
ដំណឹងនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីកីឡាការិនីអន្តរជាតិបារាំងរូបនេះ បានបង្ហាញពីទម្រង់លេងយ៉ាងល្អសម្រាប់ PSG ក្នុងការយកឈ្នះលើក្រុម Real Madrid ក្នុងការប្រកួត Champions League ដោយលេងបាន ៨៩ នាទីក្នុងជ័យជម្នះ ៤-០ ក្នុងវគ្គចែកពូល។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ ក្លឹបបាននិយាយថា “Paris Saint-Germain អាចបញ្ជាក់បានថាកីឡាការិនី Aminata Diallo ត្រូវបានចាប់ខ្លួននៅព្រឹកនេះដោយសេវាប៉ូលីសប្រចាំតំបន់ Versailles បន្ទាប់ពីមានការវាយប្រហារលើកីឡាការិនីរបស់ក្លឹបកាលពីល្ងាចថ្ងៃព្រហស្បតិ៍។
Paris Saint-Germain កំពុងធ្វើការជាមួយប៉ូលីស Versailles ដើម្បីបញ្ជាក់ការពិត។ ក្លឹបកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការនីតិវិធី ហើយនឹងសិក្សាថាតើត្រូវចាត់វិធានការបែបណា។
ការសែតបារាំង L’Equipe បានផ្សាយថា Diallo ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការវាយដំលើមិត្តរួមក្រុមនាង Kheira Hamraoui ។ របាយការណ៍បានចោទប្រកាន់ថា Diallo មានវត្តមាននៅក្នុងរថយន្ត នៅពេលដែលមិត្តរួមក្រុម PSG របស់នាងត្រូវបានទាញចេញពីរថយន្ត ហើយត្រូវបានវាយប្រហារ៕