Fernando Torres អតីតខ្សែប្រយុទ្ធដែលឈ្នះពាន World Cup ជឿថាកីឡាករ Mohamed Salah ជាកីឡាករល្អបំផុតក្នុងពិភពលោកនៅពេលនេះ។
Torres និយាយថា Salah បានឈរនៅលើកំពូលនៃការប្រកួតរបស់គាត់អស់រយៈពេលជាង ៣ រដូវកាលមកហើយ ហើយបានស៊ុតបញ្ចូលទីបានជាប់លាប់ចាប់តាំងពីគាត់បានមក Liverpool ។ អតីតកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះបានចាត់ទុក Salah ជាកីឡាករកំពូលម្នាក់ក្នុងចំណោមកីឡាករពីរ ឬបីនាក់ក្នុងពិភពលោក។
ថ្លែងនៅលើគេហទំព័រផ្លូវការរបស់ Liverpool លោក Fernando Torres បាននិយាយថា៖ «មួយរយភាគរយ ខ្ញុំគិតថាមិនត្រឹមតែឆ្នាំនេះទេ ២-៣ រដូវកាលមុនគឺគាត់អស្ចារ្យណាស់ ហើយខ្ញុំគិតថា គាត់ជាកីឡាករល្អបំផុតម្នាក់ក្នុងចំណោមកីឡាករពីរ ឬបីនាក់ក្នុងពិភពលោកក្នុងរយៈពេលប្រាំ ឬប្រាំមួយឆ្នាំកន្លងមកនេះ។ វាអស្ចារ្យណាស់ភាពស៊ីសង្វាក់គ្នា»។
Torres បានបន្ថែមថា៖ «អ្នកអាចមើលឃើញថាគាត់បំបែកកំណត់ត្រាទាំងអស់ ហើយបន្តស៊ុតបញ្ចូលទី។ ពេលខ្លះពួកយើងជជែកគ្នាលេង ហើយខ្ញុំពិតជាសប្បាយចិត្តសម្រាប់គាត់ ព្រោះខ្ញុំបានឃើញគាត់ពេលគាត់មកប្រទេសអង់គ្លេស វាពិបាកណាស់នៅដើមដំបូង។ ប៉ុន្តែគាត់គឺជាមនុស្សដ៏អស្ចារ្យ និងជាកីឡាករដ៏អស្ចារ្យ ហើយគាត់កំពុងបង្ហាញវាទៅកាន់ពិភពលោក»។
Mohamed Salah គឺជាកីឡាករឆ្នើមរបស់ Liverpool ក្នុងរដូវកាលនេះ។ ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ៦ ដងក្នុង ១៤ ប្រកួត ហើយកំពុងនាំក្រុម Liverpool ក្នុងការប្រជែងពានជាមួយក្រុម Chelsea និង Manchester City៕