តារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane បានបង្ហើបថាក្រុមហង្សក្រហមសង្ឃឹមថានឹងធ្វើត្រាប់តាមក្រុម Arsenal ដែលមិនស្គាល់ពាក្យថាចាញ់នៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។
ក្រុមកាំភ្លើងធំគឺជាក្រុមតែមួយគត់ក្នុងប្រវត្តិសាស្ត្រ Premier League ដែលមិនធ្លាប់ចាញ់ទាល់តែសោះពេញមួយរដូវកាល។ ក្លឹបភាគខាងជើងទីក្រុងឡុងដ៍បានឈ្នះ ២៦ ដង និងស្មើ ១២ ដងក្នុងដំណើរឆ្ពោះទៅកាន់ជើងឯកក្នុងរដូវកាល ២០០៣-២០០៤ ។
សមិទ្ធិផលរបស់ Arsenal មិនទាន់មានក្រុមណាបំបែកបាននោះទេ ប៉ុន្តែ Liverpool បានខិតកាន់តែជិតកំណត់ត្រានេះ។ ហង្សក្រហមបានខកខានការលើកពានក្នុងរដូវកាល ២០១៨-២០១៩ នៅពេលដែលពួកគេបានចាញ់ត្រឹមមួយពិន្ទុតាមពីក្រោយ Manchester City ។ Liverpool បានចាញ់តែម្តងគត់ពេញមួយរដូវកាល ហើយបានបញ្ចប់ដោយលទ្ធផល ៩៧ ពិន្ទុ ដែលជាកំណត់ត្រាសរុបក្នុងនាមជាក្រុមរងជើងឯក។
ទោះបីជា Liverpool បានឈ្នះ Premier League នៅរដូវកាលបន្ទាប់ក៏ដោយ ក៏ពួកគេមិនអាចឈ្នះរហូតឡើយ ដោយបានចាញ់សរុបបីដង។
Liverpool បានលេង ១០ប្រកួតក្នុង Premier League រដូវកាលនេះ ហើយមិនទាន់ចាញ់នៅឡើយទេ ដោយឈ្នះ៦ និងស្មើ៤។ Mane បានពន្យល់ថា គោលដៅរបស់ក្រុមគឺដើម្បីរក្សាការមិនស្គាល់ភាពចាញ់។
Mane បាននិយាយថា៖ «វាជាលីគដ៏ស្វិតស្វាញមួយ ប៉ុន្តែនោះគឺជាគោលដៅរបស់យើង គឺមិនត្រូវចាញ់នោះទេ។ ពិតណាស់ យើងព្យាយាមឈ្នះគ្រប់ការប្រកួតរបស់យើងផងដែរ ដែលយើងដឹងថានឹងមិនងាយស្រួល ប៉ុន្តែយើងនឹងព្យាយាមសម្រាប់វា ព្រោះវាអាចទៅរួច»។
Mane បានបន្ថែមថា៖ «ខ្ញុំពិតជាសប្បាយចិត្តជាមួយនឹងការចាប់ផ្តើមរដូវកាលរបស់យើង ហើយឥឡូវនេះយើងត្រូវព្យាយាមបន្ថែមទៀតដើម្បីប្រកួតប្រជែង ព្រោះវានឹងមិនងាយស្រួលទេនៅរដូវកាលនេះ។ មានក្រុមធំជាច្រើន ហើយនឹងមានគូប្រជែងជាច្រើន ដូច្នេះយើងត្រូវតែមានភាពស៊ីសង្វាក់គ្នាក្នុងគ្រប់ការប្រកួត»៕
សូមទស្សនាវីដេអូខាងក្រោម៖