Cristiano Ronaldo បន្ថែម​កំណត់​ត្រា​ថ្មី​មួយទៀត (មានវីដេអូ)

0

Cristiano Ronaldo បាន​ជួយ​សម្រាល​សម្ពាធ​លើ​អ្នកចាត់ការ​ក្រុម Manchester United លោក Ole Gunnar Solskjaer ដែល​កៅអី​កំពុង​ឡើង​កំ​ដៅ​។ កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​មួយ​គ្រាប់ និង​បង្កើត​ឱកាស​បាន​មួយ​គ្រាប់​ទៀត ដើម្បី​ជម្រុញ​ថ្ងៃ​ដ៏​ល្អ​នៅ​លើ​ទីលាន​សម្រាប់​បិសាច​ក្រហម​។

នៅ​ក្នុង​ការ​ប្រកួត​នោះ Ronaldo បាន​បន្ថែម​កំណត់​ត្រា​មួយទៀត​នៅ​ក្នុង​ជ័យ​ជំនះ ៣-០ ក្នុង​ក្របខ័ណ្ឌ Premier League របស់ Man Utd ទល់​ជាមួយនឹង Tottenham Hotspur ។

កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​បាន​រក​គ្រាប់​បាល់​បើក​ឆាក​នៃ​ការ​ប្រកួត ហើយ​បន្ទាប់​មក​បញ្ជូន​បាល់​ឲ្យ Edinson Cavani បញ្ចប់​ទី​បាន​១​គ្រាប់​ទៀត ។ អ្នក​ឈ្នះ​ពានរង្វាន់ Ballon d’Or ប្រាំ​សម័យ​បាន​ក្លាយជា​កីឡាករ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត ដែល​ស៊ុត​បញ្ចូល​ទី និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ក្នុង​ការ​ប្រកួត Premier League​។

Ronaldo បាន​ចូលរួម​ជាមួយ​បិសាច​ក្រហម​ម្តងទៀត​នៅ​រដូវក្តៅ​នេះ​។ ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​បាន​រីករាយ​នឹង​ការ​ចាប់ផ្តើម​យ៉ាង​ខ្លាំង​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​ក្រោយមក អ្វី​ៗ​កាន់តែ​អាក្រក់​ទៅ​ៗ នៅ​ពេល​ដែល​ក្រុម Manchester United ត្រូវ​បាន​ក្រុម​ហង្ស​ក្រហម Liverpool យកឈ្នះ​ក្នុង​លទ្ធផល ៥-០ ។

នៅ​ក្នុង​ជ័យ​ជំនះ ៣-០ លើ​ក្រុម​មាន​ខ្នាយ​មាស Tottenham Hotspur តារា​ឆ្នើម Cristiano Ronaldo បាន​ក្លាយជា​កីឡាករ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត ដែល​អាច​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​នៅ Premier League ដូច​ទៅ​នឹង Didier Drogba ។ អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ កីឡាករ​ទាំង​ពីរ​បាន​សម្រេច​កំណត់​ត្រា​នៅ​អាយុ ៣៦ ឆ្នាំ និង ២៦៧ ថ្ងៃ សម្រាប់​ការ​ប្រកួត​ទល់​នឹង​ក្រុម​ដូច​គ្នា​គឺ Tottenham Hotspur ៕

សូមទស្សនាវីដេអូខាងក្រោម៖