ពិតណាស់ ក្រោយខកខានបង្ហាញខ្លួនលើទីលានអស់ជាច្រើនប្រកួតកន្លងមក ខ្សែប្រយុទ្ធ Gareth Bale អាចនឹងត្រលប់មកក្នុងជម្រើសក្រុម Real Madrid ជាថ្មី នាពេលដ៏ខ្លីខាងមុខនេះ។
ខ្សែបម្រើស្លាបវ័យ ៣២ឆ្នាំរូបនេះ បានសម្រាកពីទីលានតាំងពីខែកញ្ញាមក ដោយសារបញ្ហារបួសជង្គង់ ដោយត្រូវអវត្តមានសរុប១៤ប្រកួត។
មុនពេលរបួស Bale បានចាប់ផ្ដើមរដូវកាលថ្មីបានយ៉ាងល្អជាមួយ Real Madrid ក្រោយបញ្ចប់កិច្ចសន្យាខ្ចីជើងពី Tottenham Hotspur ប៉ុន្ដែបញ្ហារបួស បានរារាំងការវិវត្តសមត្ថភាពរបស់គេ។
ទោះយ៉ាងណាក្ដី Bale ជិតបានចូលរួមសកម្មភាពជាមួយក្រុមបានវិញ ប៉ុន្ដែត្រូវរង់ចាំយ៉ាងហោចណាស់ពីរប្រកួតទៀតពោលគឺ ក្នុងការប្រកួត La Liga ទល់នឹង Elche និង UEFA Champions League ទល់នឹង Shakhtar Donetsk។
នៅពេលត្រូវបានសួរនាំពីស្ថានភាពរបស់ Bale អ្នកចាត់ការ Carlo Ancelotti បាននិយាយថា៖ “Gareth Bale បានសះស្បើយកាលពីម្សិលមិញ ហើយខ្ញុំគិតថា ក្នុងរយៈពេលមួយសប្ដាហ៍ គេអាចហ្វឹកហាត់ជាមួយក្រុម។ យ៉ាងលឿនបំផុត គេអាចត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួតទល់នឹង Rayo Vallecano”៕