Xavi គ្រោង​នាំ​យក​កីឡាករ ២​រូប​នៅ​ពេល​ដឹកនាំ​ក្រុម Barca

0

នៅ​ទីបំផុត​គ្រូបង្វឹក លោក Ronald Koeman ត្រូវ​បាន​ក្លិប​ប្រកាស​បណ្តេញចេញ​ជា​ផ្លូវការ​ហើយ កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់​ដឹង​នាំ​ក្រុម​ទទួល​បាន​លទ្ធផល​ដ៏​គួរ​ឲ្យ​ខកចិត្ត​មួយ​ផ្សេង​ទៀត ដោយ​ចាញ់​ក្នុង​លទ្ធផល ១-០ ក្រោម​ថ្វី​ជើង​របស់ Rayo Vallecano ជាមួយនឹង​គ្រាប់​បាល់​របស់​កីឡាករ Radamel Falcao ។

បើ​យោង​តាម​របាយការណ៍​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ជា​ច្រើន បាន​បង្ហាញ​ឲ្យ​ដឹង​ថា Xavi គឺជា​ជម្រើស​កំពូល​របស់​ក្រុម Barcelona ដើម្បី​ស្នង​តំណែង​លោក Koeman ហើយ​វា​ត្រូវ​បាន​គេ​យល់​ទៀត​ថា ភាគី​ទាំង ២ ក៏​បាន​ជួប​ពិភាក្សា​គ្នា​រួចរាល់​ហើយ​ផង​ដែរ ។

មិនតែប៉ុណ្ណោះ ប្រភព​ខាងលើ​ក៏​បាន​បន្ថែម​ទៀត Xavi នឹង​អាច​ទិញ​ចូល​កីឡាករ​ថ្មី​ៗ​មួយ​ចំនួន នៅ​ពេល​លោក​ទទួល​បាន​តំណែង​មួយ​នេះ ដោយ​បាន​ធ្វើការ​កំណត់​យក​ខ្សែប្រយុទ្ធ Raheem Sterling របស់​ក្លិប Manchester City ដែល​បច្ចុប្បន្ន​ហាក់​កំពុង​មាន​ភាព​ខកចិត្ត​ខ្លាំង នៅ​ឯ​ទឹកដី Etihad ។

លើស​ពី​នេះ ដោយ​បាន​មើលឃើញ​ពី​ភាគ​ខ្វះខាត​នៅ​ក្នុង​តំបន់​ខាងក្រោម នៅ​ក្នុង​ក្រុម Barcelona ដូច្នេះ Xavi ក៏​បាន​កំណត់​យក​ខ្សែការពារ Sevilla និង​ជា​គោលដៅ​ដ៏​ធំ​មួយ​របស់​ក្លិប​តោ​ខៀវ Chelsea កីឡាករ Jules Kounde ដែល​អាច​ជា​ដំណោះស្រាយ ចំពោះ​បញ្ហា​ខ្សែការពារ​របស់​ក្លិប​បាន ។

មួយវិញទៀត Xavi ក៏​មាន​ទំនុកចិត្ត​យ៉ាង​ពេញទំហឹង​ទៅ​លើ​ខ្សែប្រយុទ្ធ Ousmane Dembele ផង​ដែរ ដោយ​លោក​សង្ឃឹមថា​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ នឹង​អាច​ព្រម​ទទួលយក​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប Barca បន្ថែម​ទៀត ខណ​:​ពេល​កុងត្រា​បច្ចុប្បន្ន​របស់​គេ​នឹង​ត្រូវ​ផុតកំណត់ នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ ៕