ភាពតានតឹងកំពុងផ្ទុះឡើងនៅក្នុងក្រុម Manchester United បន្ទាប់ពីមានការប្រេះឆារវាងកីឡាករ និងអ្នកចាត់ការរបស់ពួកគេ។ របាយការណ៍ថ្មីៗបានបង្ហាញថាកីឡាកររបស់បិសាចក្រហមដែលមិនបញ្ចេញឈ្មោះជាច្រើននាក់បានរិះគន់ Ole Gunnar Solskjaer ដោយបើកចំហ។ កីឡាករបានលើកឡើងពីការព្រួយបារម្ភរបស់ពួកគេ ចំពោះការសម្រេចចិត្តមិនសមហេតុផលមួយចំនួនរបស់អ្នកចាត់ការទូទៅ។
ភាពរង្គោះរង្គើរនៅ Old Trafford បានកើតឡើងបន្ទាប់ពីការចាញ់ដ៏អាម៉ាស់របស់ពួកគេជាមួយនឹងគូប្រជែងដ៏ជូរចត់ Liverpool ក្នុងលទ្ធផល 5-0 ក្នុងផ្ទះរបស់បិសាចក្រហម។ ក្រោយបរាជ័យបានឆ្លុះបញ្ចាំងពីការខ្វះខាតយុទ្ធសាស្ត្ររបស់អ្នកចាត់ការសញ្ជាតិន័រវ៉េស វ័យ ៤៨ឆ្នាំរូបនេះ។ Liverpool មិនបានបង្ហាញក្តីមេត្តាឡើយ ដោយបានលត់ Man Utd យ៉ាងចាស់ដៃដល់ក្នុងផ្ទះ។
កៅអីរបស់ Ole Gunnar Solskjaer កំពុងកើនឡើងកំដៅយ៉ាងខ្លាំងនៅពេលនេះ។ គាត់នឹងត្រូវបានវាយតម្លៃដោយផ្អែកលើលទ្ធផលរបស់ក្រុមបន្ទាប់ពីការប្រកួត Premier League ដ៏សំខាន់របស់ពួកគេជាមួយនឹងក្រុម Tottenham Hotspur នៅថ្ងៃសៅរ៍។ ក្រុមប្រឹក្សាភិបាលរបស់ Manchester United យល់ស្របតាមដំបូន្មានរបស់លោក Sir Alex Ferguson បានយល់ព្រមជាឯកច្ឆ័ន្ទក្នុងការផ្តល់ឱ្យគាត់នូវឱកាសចុងក្រោយមួយ ដើម្បីរក្សាតំណែងជាអ្នកចាត់ការនៅ Old Trafford៕
សូមទស្សនាវីដេអូខាងក្រោម៖