Mohamed Salah កាលពីយប់មិញរកបាន ៣ គ្រាប់ឲ្យ Liverpool យកឈ្នះទៅលើម្ចាស់ដី Man Utd ០-៥ នៅ Old Trafford។ ហើយជ័យជម្នះនេះក៏បានបង្កើតកំណត់ត្រាគួរឲ្យចាប់អារម្មណ៍ចំនួន ២ ផងដែរ។
ទី ១ គឺ Salah បានកើនឡើងតួលេខគ្រាប់បាល់របស់គេមកដល់ ១០៧ ហើយ ដែលនេះរុញឲ្យគេក្លាយឈ្មោះជាកីឡាករអាហ្វ្រិក រកបានគ្រាប់បាល់ច្រើនបំផុត នៅប្រវត្តិសាស្ត្រ Premier League ពោលនាំមុខអ្នកគ្រងចាស់គឺ Didier Drogba ដែលធ្វើបានតែ ១០៤ គ្រាប់។ នេះគេក៏នាំមុខមិត្តរួមក្រុម Sadio Mane សញ្ជាតិសេណេហ្គាល់ ដែលមាន ១០០ គ្រាប់។
ទី ២ គឺ Salah បានក្លាយជាកីឡាករក្រុមភ្ញៀវដំបូង ដែលអាចរកបាន Hat-Trick នៅ Old Trafford គឺខកខានតាំងពីជំនាន់ Ronaldo Nazario ដែលធ្លាប់ធ្វើបានកាលពីខែ មេសា ឆ្នាំ ២០០៣ កំឡុងពេលលេងឲ្យក្លឹប Real Madrid ទល់ Man Utd សម្រាប់ពាន UEFA Champions League។
ក្រោយចប់ការប្រកួត Salah ក៏បាននិយាយពាក្យក្នុងចិត្តបែបនេះថា៖ «ខ្ញុំគិតថាវាពិតជាល្អ ការដែលអាចឈ្នះ ៥-០ នៅទីនេះ ដោយយើងគិតមុនការប្រកួតថា វានឹងពិតជាពិបាក តែយ៉ាងណាយើងបានផ្តល់គ្រប់យ៉ាង ១០០ ភាគរយ ហើយដរាបណាក្រុមរីករាយនឹងបន្តជ័យជម្នះ ខ្ញុំក៏រីករាយដូចគ្នា»៕