របាយការណ៍នៅពីក្រោយការចាកចេញរបស់ Cristiano Ronaldo ពី Juventus ដើម្បីចូលរួមជាមួយ Manchester United កាន់តែអាក្រក់ទៅៗ ខណៈដែលគេហទំព័រអ៊ីតាលី Tuttosport បានបង្ហាញថា ម្ចាស់ពាន Ballon d’Or ប្រាំសម័យរូបនេះ បានបំពានវិន័យទាំងអស់នៃ «សមភាព ឯកភាព និងភាពរាបសា»។
Cristiano Ronaldo បានធ្វើឱ្យកក្រើក នៅពេលដែលគាត់សម្រេចចិត្តចាកចេញពី Juventus នៅរដូវក្តៅនេះ ហើយត្រលប់ទៅ Manchester United វិញ។ ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីចំនួន ៦ គ្រាប់រួចមកហើយក្នុងការបង្ហាញខ្លួនចំនួន ៨ លើកសម្រាប់ក្លឹបថ្មីរបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បានបង្ហាញថា តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្កើតបញ្ហាជាច្រើនទាំងក្នុង និងក្រៅទីលាន ខណៈនៅ Juventus។ ពាក្យចចាមអារ៉ាមបានអះអាងថា គាត់មិនបានប្រកាន់ខ្ជាប់នូវវិន័យសំខាន់ៗមួយចំនួន នៅក្នុងបន្ទប់ផ្លាស់ស្លៀកពាក់។
យោងតាមប្រភពខាងលើ កីឡាករ Cristiano Ronaldo មិនដែលចុះមកជួយនៅតំបន់ការពារនោះទេ ដែលជាហេតុធ្វើឲ្យមានការអាក់អន់ចិត្តពីមិត្តរួមក្រុម។
ខ្សែការពារកណ្តាលរបស់ Juventus កីឡាករ Leonardo Bonucci និង Giorgio Chiellini មិនសប្បាយចិត្តចំពោះវត្តមាន Cristiano Ronaldo នៅក្នុងក្រុមរបស់ពួកគេទេ។ Chiellini បានប្រាប់ DAZN ថា៖ «Ronaldo បានចាកចេញនៅថ្ងៃទី 28 ខែសីហា ហើយវាពិតជាប្រសើរជាង ប្រសិនបើគាត់បានទៅមុននេះ ដើម្បីឲ្យយើងងាយស្រួលរៀបចំក្រុម»។
ជាមួយគ្នានេះដែរ កីឡាករ Leonardo Bonucci បាននិយាយថា វត្តមានរបស់ CR7 បានធ្វើឱ្យកីឡាករ Juventus មានការខកចិត្ត។ Bonucci បានប្រាប់ទៅកាន់ The Athletic ថា៖ «វត្តមានរបស់ Cristiano មានឥទ្ធិពលខ្លាំងលើពួកយើង។ គ្រាន់តែការហ្វឹកហាត់ជាមួយគាត់ បានផ្តល់ឱ្យយើងនូវអ្វីមួយបន្ថែមទៀត ប៉ុន្តែកីឡាករចាប់ផ្តើមគិតថាវត្តមានរបស់គាត់តែម្នាក់ឯងគឺគ្រប់គ្រាន់ដើម្បីឈ្នះការប្រកួតឬទេ?»៕