Cristiano Ronaldo៖ យើង​ត្រូវ​តែ​បង្ហាញ​នូវ​អ្វី​ដែល​យើង​មាន

0

តារា​ឆ្នើម​របស់​ក្រុម Manchester United កីឡាករ Cristiano Ronaldo បាន​ព្យាយាម​ប្រមូលផ្តុំ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​មុ ន​ពេល​បិសាច​ក្រហម​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Atalanta ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League នៅ​ថ្ងៃ​ពុធ​នេះ​។ Ronaldo បាន​ជំរុញ​ឱ្យ​កីឡាករ​ក្រុម​បិសាច​ក្រហម Manchester United «​បង្ហាញ​ពី​អ្វី​ដែល​យើង​មាន​» និង​«​បង្ហាញ​ភាព​អស្ចារ្យ​ដល់​ពិភពលោក​»​។

ក្រុម​បិសាច​ក្រហម Manchester United បាន​រង​នូវ​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឱ្យ​ពួក​គេ​ឈ្នះ​តែ ២ លើក​គត់​ពី​ការ​ប្រកួត ៧ លើក​ចុង​ក្រោយ​របស់​ពួក​គេ​នៅ​ក្នុង​ការ​ប្រកួត​ទាំងអស់​សម្រាប់​រដូវ​កាល​នេះ​។ ដូចនេះ Ronaldo បាន​ព្យាយាម​លើកទឹកចិត្ត​ក្រុម​ឲ្យ​តស៊ូ​ទៅ​មុខ​ទៀត​។ តារា​ឆ្នើម​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ ជឿជាក់​ថា​ក្របខ័ណ្ឌ Champions League អាច​ជា​វេទិកា​មួយ​សម្រាប់​ក្រុម​បិសាច​ក្រហម Manchester United ដើម្បី​ត្រលប់​មក​រក​ភាពល្អ​ប្រសើ​ឡើង​វិញ​។

CR7 បាន​បង្ហោះ​នៅ​លើ Instagram ថា​៖ «​ពេលវេលា​របស់​យើង​ជិត​មក​ដល់​ហើយ​។ យើង​ត្រូវ​តែ​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​យើង ហើយ​ក្របខ័ណ្ឌ Champions League គឺជា​ការ​ប្រកួតប្រជែង​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​បង្ហាញខ្លួន​យើង​ទៅ​កាន់​ពិភពលោក​។ តោះ​!»​។

បញ្ជាក់​ផង​ដែរ​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ ស៊ុត​បញ្ចូល​ទី​បាន ៥ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៥ លើក​ដំបូង​របស់​គេ​សម្រាប់​ក្រុម​បិសាច​ក្រហម Manchester United ចាប់តាំងពី​មក​ដល់​ពី​ក្លិប Juventus នៅ​រដូវក្តៅ​នេះ​។ ទោះ​យ៉ាងណា Ronaldo បាន​តស៊ូ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ដោយ​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​លី​ក ៣ លើក​ជាប់​ៗ​គ្នា​៕