កីឡាករ Mauro Icardi មិនបានចូលរួមក្នុងការហ្វឹកហាត់របស់ Paris Saint-Germain កាលពីថ្ងៃអាទិត្យ មុនការប្រកួតដណ្តើមពានរង្វាន់ Champions League ជាមួយ RB Leipzig នៅថ្ងៃអង្គារឡើយ។ ទោះបីជាវាមិនត្រូវបានបញ្ជាក់ជាផ្លូវការដោយ Icardi ក៏ដោយ ក៏មានរបាយការណ៍ថា ថ្មីៗនេះគាត់បានបែកបាក់ជាមួយប្រពន្ធរបស់គាត់ឈ្មោះ Wanda Nara។
មានពាក្យចចាមអារាមថា មូលហេតុនៅពីក្រោយការបែកបាក់នេះ គឺដោយសារ Icardi មានទំនាក់ទំនងស្នេហា ជាមួយតារាសម្តែងស្រី និងជាតារាបង្ហាញម៉ូត China Suarez ។
នាង Wanda Nara បានបង្ហោះសារគួរឱ្យអស់សំណើចមួយនៅលើគណនីបណ្តាញសង្គមរបស់នាងកាលពីថ្ងៃសៅរ៍ បន្ទាប់មកបានឆ្លើយតបទៅនឹង Fan ម្នាក់ ដោយបញ្ជាក់ពីការបែកបាក់គ្នា ថែមទាំងប្រាប់ថាបានចាកចេញពីប៉ារីសរួមជាមួយកូនបីនាក់របស់នាង។
ទោះជាយ៉ាងណា អវត្តមានរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ២៨ឆ្នាំរូបនេះ មិនជាសំខាន់ឡើយចំពោះលោក Mauricio Pochettino ខណៈដែល Messi, Neymar និង Mbappe ជាជម្រើសដំបូងរបស់ក្លិបក្នុងពេលបច្ចុប្បន្ននេះ៕